ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិភពលោកបានផ្ដោតការចាប់អារម្មណ៍ទៅលើទីក្រុងShenzhen ប្រទេសចិន។ ទីក្រុងនេះបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ APEC លើកទី ៣៣ និងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិងអាមេរិក។ក្នុងអំឡុងពេលនៃ «ព្រឹត្តិការណ៍ការទូតរបស់ប្រទេសចិននៅShenzhen» លោកXi Jinping ប្រធានរដ្ឋចិនបានប្រើពាក្យមួយចំនួន ដើម្បីធ្វើការប្រៀបធៀបប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅដូចខាងក្រោម៖«ខ្ញុំរំពឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រៀបដូចបក្សីPeng អ៊ីចឹង ត្រដាងស្លាបហោះហើរឡើងខ្ពស់ឆ្ពោះទៅរាប់ពាន់គីឡូម៉ែត្រ។» ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ APEC លើកទី ៣៣នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោកX iJinpingបានលើកយកបក្សី Peng ដែលជាបក្សីយក្សក្នុងទេវកថាចិនមកប្រៀបធៀប ដើម្បីបង្ហាញពីក្តីរំពឹងទុករបស់លោកចំពោះកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ទីក្រុងShenzhenជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ ក៏ត្រូវបានគេស្គាល់ផងដែរថាជាទីក្រុងPeng។ និមិត្តសញ្ញាផ្លូវការសម្រាប់ឆ្នាំដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC បានយកសត្វKunpeng(សត្វក្នុងរឿងព្រេងនិទានចិនដែលអាចប្រែរូបពីត្រីយក្សទៅជាបក្សីយក្ស) មកធ្វើជាធាតុចូលសំខាន់ ដោយមានរោមសត្វចំនួន ២១ សរសៃព័ទ្ធជុំវិញគ្នាបង្កើតជារូបរាងសត្វនេះកំពុងត្រដាងស្លាបហោះហើរ ។សព្វថ្ងៃនេះ ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក កំពុងឈរនៅចំណុចចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ។

«ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺមានភាពរឹងមាំដូចភ្នំ ដែលមិនរង្គោះរង្គើដោយសារខ្យល់ ឬព្យុះភ្លៀងនោះឡើយ» ហើយក៏មាន «ចក្ខុវិស័យវែងឆ្លាយ»។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ពេលជួបសន្ទនាជាមួយលោកPutinប្រធានាធិបតីរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងនូវពាក្យកំណាព្យចិនទាំងនេះ ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី ព្រមទាំងបានអធិប្បាយពីឡូហ្ស៊ីកនៃដំណើរការអភិវឌ្ឍទំនាក់ទំនងចិននិងរុស្ស៊ីប្រកបដោយភាពរឹងមាំ ស្ថិរភាព និងគុណភាពខ្ពស់ក្នុងរយៈពេលវែង ។នេះគឺជាកិច្ចជំនួបលើកទី ៥០ រវាងប្រមុខរដ្ឋនៃប្រទេសចិន និងរុស្ស៊ី (បូករួមទាំងជំនួបទល់មុខ និងជំនួបតាមអនឡាញ) ចាប់តាំងពីឆ្នាំ ២០១៣ មក។ ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សមក ទំនាក់ទំនងរវាងចិននិងរុស្ស៊ីជាភាពថេរគន្លឹះ។ «ខ្ញុំរំពឹងទុកធ្វើការជាមួយលោកប្រធានាធិបតីត្រាំ ដើម្បីបន្តដឹកនាំទិសដៅនៃទំនាក់ទំនងចិន-អាមេរិក សំដៅធានាថា “នាវាយក្ស” មួយនេះ បន្តធ្វើដំណើរទៅមុខតាមផ្លូវដ៏ត្រឹមត្រូវ»។ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ពេលជួបសន្ទនាជាមួយលោកត្រាំ ប្រធានាធិបតីអាមេរិក លោក Xi Jinping បានលើកយកពាក្យ«នាវាយក្ស » មកធ្វើការប្រៀបធៀបម្តងទៀតដើម្បីពិពណ៌នាអំពីទំនាក់ទំនងចិន-អាមេរិក ។ទំនាក់ទំនងចិន-អាមេរិក គឺពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជនជាង ១,៧ ប៊ីលាននាក់នៃប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធដល់ផលប្រយោជន៍របស់ប្រជាជនជាង ៨ ប៊ីលាននាក់នៅទូទាំងពិភពលោកផងដែរ។

ពីការបង្កើតទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងចិននិងអាមេរិក ដល់ការបំពេញបន្ថែមខ្លឹមសារថ្មី « ផ្អែកលើការគោរពគ្នា ភាពយុត្តិធម៌ និងសមភាព» ដល់និយមន័យនៃទំនាក់ទំនងទ្វេភាគីរហូតដល់ភាគីទាំងពីរឯកភាពគ្នារៀបចំផែនការសកម្មភាពសម្រាប់ជំរុញទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងភាគីទាំងពីរ ប្រការទាំងនេះបានធ្វើឱ្យ «ផ្លូវដ៏ត្រឹមត្រូវ» សម្រាប់ «នាវាយក្ស» នៃទំនាក់ទំនងចិន-អាមេរិករំលេចឡើងកាន់តែច្បាស់ ។ «គ្រាប់ពូជដែលបានសាបព្រោះនៅក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងចាក់ឫស ដុះពន្លក ចេញផ្កា និងហុចផលផ្លែជាមិនខាន»។ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ថ្លែងក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក លោកXi Jinping បានប្រើពាក្យ«ការសាបព្រោះគ្រាប់ពូជ»មកធ្វើជាការប្រៀបធៀប ដើម្បីពិពណ៌នាអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចជំនួបលើកនេះ។បន្ទាប់ពីកិច្ចប្រជុំ ប្រទេសទាំងបីបានចេញផ្សាយ «សេចក្តីប្រកាសសន្តិភាពរវាងប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិងអាមេរិក» ដែលពាក់ព័ន្ធនឹងការកែទម្រង់អង្គការសហប្រជាជាតិ ការផលិតនិងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់ អភ័យឯកសិទ្ធិមន្ត្រីរដ្ឋ និងការកាត់បន្ថយហានិភ័យនៃអាវុធនុយក្លេអ៊ែរជាដើម ក្នុងគោលបំណងរួមគ្នាគាំពារសន្តិភាពពិភពលោក និងជំរុញស្ថិរភាពជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសធំ។គ្រាប់ពូជដែលបានសាបព្រោះនៅទីក្រុងShenzhen គឺពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជន និងបង្កប់នូវការរំពឹងទុករបស់ពិភពលោកទាំងមូល៕

ដោយគិរីដងរែក




