ថ្ងៃទី ២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-ស្រីលង្កាដែលសហការរៀបចំដោយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយទូរទស្សន៍ជាតិស្រីលង្កាបានបើកធ្វើនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ លោកស្រីAmarasuriya នាយករដ្ឋមន្រ្តីស្រីលង្កាបានអញ្ជើញចូលរួមសកម្មភាពនេះ ព្រមទាំងថ្លែងសុន្ទរកថា ។ ឥស្សរជនជាង ១៥០ រូបរបស់ស្រីលង្កាមកពីគ្រប់មជ្ឈដ្ឋាន ដូចជាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ភាពយន្តនិងការអប់រំជាដើម បានចូលរួមសកម្មភាពនេះ និងធ្វើជាសាក្សីក្នុងការប្រកាសសមិទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានជាច្រើន។
លោកស្រីAmarasuriya នាយករដ្ឋមន្រ្តីស្រីលង្កាបានថ្លែងថា ការប្រាស្រ័យទាក់ទងជាមេត្រីភាពរបស់ប្រមុខរដ្ឋប្រទេសទាំងពីរស្រីលង្កានិងចិនបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសទាំងពីរចំពោះចំណងមិត្តភាពប្រពៃណី និងការធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជឿជាក់ថា សកម្មភាពថ្ងៃនេះប្រាកដជានឹងធ្វើឱ្យមានភាពសម្បូរបែបថែមមួយកម្រិតទៀតនូវខ្លឹមសារនៃការផ្លាស់ប្តូរផ្នែកវប្បធម៌រវាងប្រទេសទាំងពីរស្រីលង្កានិងចិន ត្រួសត្រាយលំហថ្មីយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានភាពជិតស្និទ្ធគ្នាថែមទៀត និងបង្កើនការយល់ដឹងនិងទទួលស្គាល់ចំពោះសង្គម និងវប្បធម៌ប្រពៃណីរបស់គូភាគី។
ដោយឡែក លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិននិងស្រីលង្កាគឺជាអ្នកដំណើរដើរតាមផ្លូវអភិវឌ្ឍន៍និងការស្តារភាពរុងរឿងដូចគ្នា ហើយក៏ជាដៃគូល្អនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈធ្វើការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានរបស់ស្រីលង្កា ក្នុងការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពរួមដ៏សំខាន់នៃប្រមុខរដ្ឋប្រទេសទាំងពីរ ប្រមូលផ្តុំកម្លាំងដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ”ប្រកបដោយគុណភាពខ្ពស់ និងបង្កើតសហគមន៍ជោគវាសនារួមរវាងចិននិងស្រីលង្កា សំដៅរួមគ្នាចារទំព័រយុគសម័យដ៏អស្ចារ្យនៃចំណងមិត្តភាពរវាងចិននិងស្រីលង្កា៕




ដោយគិរីដងរែក




