អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែរក្សាគោលដៅដូចដើម គឺប្រឆាំងនឹងរបបទីក្រុងកៀវ មិនមែនប្រឆាំងនឹងប្រជាជនអ៊ុយក្រែននោះទេ ។
កាលពីដើមខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយស្តីពីការផ្តល់សញ្ជាតិរុស្ស៊ីក្នុងលក្ខណៈសាមញ្ញមួយដល់ប្រជាជនដែលកំពុងរស់នៅក្នុងសាធារណរដ្ឋ Donbas និងអ៊ុយក្រែន ។
ទន្ទឹមនោះ លោក Peskov បានប្រាប់អ្នកសារព័ត៌មានម្ដងហើយម្ដងទៀតថា “ប្រតិបត្តិការយោធាពិសេសរបស់យើងមិនប្រឆាំងនឹងប្រជាជនអ៊ុយក្រែននោះទេ ។ រដ្ឋាភិបាលទិក្រុងមូស្គូប្រឆាំងនឹងរបបទីក្រុងកៀវ ហើយក្នុងពេលជាមួយគ្នានេះ ប្រជាជនអ៊ុយក្រែនជាច្រើនពិតជាចង់ក្លាយជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ី ។ ដូច្នេះច្បាប់ដែលលោក ពូទីន ចុះហត្ថលេខាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនមួយចំនួនធំ” ។
គួររំឭកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk បានអំពាវនាវសុំជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។
ប៉ុន្តែជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចក៏បានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ៕
ប្រភព VOA ប្រែសម្រួលដោយគីរីដងរែក