25.3 C
Phnom Penh
Thursday, November 19, 2026
- Advertisement -spot_img

លោក Xi Jinping អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC

- Advertisement -spot_img

នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក( APEC )ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Qianhai ក្រុង Shenzhen ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ពង្រឹងជំនឿចិត្ត ដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ដើម្បីរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក»។


លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍អន្តរជាតិបច្ចុប្បន្នមានការប្រែប្រួលដ៏ស្មុគស្មាញ ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងចលករ ហើយនិន្នាការឯកតោភាគីនិយម និងគាំពារនិយមកំពុងកើនឡើង។ ឆ្នាំនេះ ដែលជាលើកទី ៣ ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីទាំងអស់ ដើម្បីពង្រឹងជំនឿចិត្ត ដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងជំរុញវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។


លោក Xi Jinping បានលើកសំណើ ៤ ចំណុច ពោលគឺទីមួយ ត្រូវការពារសភាពការណ៍ទូទៅនៃសន្តិភាពនិងស្ថិរភាព។ ទីពីរ ត្រូវបង្កើតស្ពានសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយ។ ទីបី ត្រូវជំរុញកម្លាំងចលករនៃកំណើនតាមរយៈការធ្វើនវានុវត្តន៍។ ទីបួន ត្រូវពង្រីកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោក Xi Jinping បានគូសបញ្ជាក់ថា សេដ្ឋកិច្ចចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់និងកាន់តែល្អប្រសើរ ដែលបង្ហាញឱ្យឃើញពីភាពធន់ និងភាពរស់រវើកដ៏រឹងមាំរបស់សេដ្ឋកិច្ចចិន។ ផែនការប្រាំឆ្នាំទី ១៥ របស់ចិន មិនត្រឹមតែជាផែនការគោលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ជីឈ្មោះនៃកាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលផងដែរ នេះគឺជាការអញ្ជើញរបស់ប្រទេសចិនចំពោះមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មសកលលោកសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា។ ប្រទេសចិននឹងផ្តល់ជូនមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មសកលលោកនូវទីផ្សារបើកទូលាយដ៏ធំ លំហនៃការអភិវឌ្ឍដែលមានអនាគតដ៏ធំទូលាយ និងបរិយាកាសសហប្រតិបត្តិការដែលជំរុញការអភិវឌ្ឍទៅវិញទៅមក ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាលំហនៃការអភិវឌ្ឍរួមរបស់យើង និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការគ្នា។ សូមឱ្យយើងពួតដៃគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក !

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img