29.9 C
Phnom Penh
Tuesday, November 17, 2026
- Advertisement -spot_img

វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជា-ចិន គឺជាការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព

- Advertisement -spot_img

ភ្នំពេញ៖ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងប្រទេសកម្ពុជា និងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ពង្រីកឱកាសសហប្រតិបត្តិការ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ។ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងបាឋកថា ស្តីពី «សម្លឹងមើលអភិបាលកិច្ចប្រទេសចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»រៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន សហការជាមួសមាគមមិត្តភាពកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ។ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែផ្អែកលើទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំតាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែង។

ឯកឧត្តមបានកត់សម្គាល់ថា បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន បានផ្តល់ជាមេរៀនដ៏មានតម្លៃសម្រាប់ការសិក្សាស្វែងយល់ អំពីការផ្សារភ្ជាប់ផែនការអភិវឌ្ឍន៍ជាតិទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមមូលដ្ឋាន តាមរយៈការស្តាប់មតិប្រជាពលរដ្ឋ ការកំណត់បញ្ហាប្រឈម និងការរៀបចំដំណោះស្រាយសមស្រប។ ទោះជាយ៉ាងណា ឯកឧត្តមបានបន្ថែមថា ដោយសារប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ និងលក្ខខណ្ឌអភិវឌ្ឍន៍ខុសៗគ្នា ការសិក្សាពីបទពិសោធន៍ទាំងនេះ គួរផ្អែកលើការវិភាគដោយប្រុងប្រយ័ត្ន ដើម្បីជ្រើសរើសចំណុចល្អៗដែលអាចយកមកសម្របសម្រួលអនុវត្តឱ្យស្របតាមបរិបទជាតិរបស់កម្ពុជា។

ក្នុងនាមជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តមអនុប្រធានប្រចាំការបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជាតិទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ក្នុងន័យនេះ សង្គមស៊ីវិលអាចរួមចំណែកយ៉ាងសកម្មតាមរយៈការផ្សព្វផ្សាយចំណេះដឹង ការអប់រំសាធារណៈ ការគាំទ្រគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងការសម្របសម្រួលកិច្ចសហការដែលឆ្លើយតបចំតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញក្តីសង្ឃឹមថា វេទិកាពិភាក្សានេះនឹងផ្តល់នូវទស្សនៈ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដែលជួយជំរុញការផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយផ្លែផ្កាសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img