25.3 C
Phnom Penh
Thursday, November 19, 2026
- Advertisement -spot_img

បញ្ញាសិប្បនិម្មិតអាចជួយឱ្យម៉ាកយីហោត្រូវបានគេមើលឃើញ ប៉ុន្តែមានតែទំនុកចិត្តប៉ុណ្ណោះដែលអាចឱ្យម៉ាកយីហោឈរជើងបានស្ថិតស្ថេរយូរអង្វែង

- Advertisement -spot_img

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ​- ខណៈពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែបង្កើនឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើងលើ​របៀប​​​ដែលមនុស្សស្វែងរក និងវាយតម្លៃលើម៉ាកយីហោ ថ្នាក់ដឹកនាំផ្នែកទំនាក់ទំនងមកពីជុំវិញតំបន់អាស៊ីកំពុងជម្រុញ និងដាស់​តឿន​ដល់​បណ្តា​អាជីវកម្ម​​ទាំងឡាយឱ្យសម្លឹងមើលឱ្យឆ្ងាយជាងត្រឹមតែភាពមើលឃើញ ហើយចោទសួរថា តើអ្វីទៅដែលធ្វើ​ឱ្យម៉ាកយីហោមួយមានគុណតម្លៃសម​នឹង​ទទួល​​​​បានការទុកចិត្ត និងការជ្រើសរើសពិតប្រាកដ។

នេះជាខ្លឹមសារសំខាន់នៃកិច្ចពិភាក្សានៅក្នុងកម្មវិធី វេទិកាទំនាក់ទំនងតំបន់ឆ្នាំ២០២៦ (OAC Regional Communications Forum 2026)​ ដែល​បាន​ប្រព្រឹត្ត​ទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ វេទិកា​នេះបាន​ប្រមូល​ផ្តុំ​អ្នក​ជំនាញផ្នែកម៉ាក​យីហោ និង​ទំនាក់​ទំនង​មក​ពី​ទី​ផ្សារចំនួន ១៣ ក្នុងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីអត្ថន័យ និងឥទ្ធិពល​នៃ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចំពោះអាជីវកម្ម និង​ឧស្សាហកម្មទំនាក់ទំនងទាំងមូល។

ប្រព័ន្ធវេទិកាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងតែក្លាយជាប្រភពថ្មីមួយទៀត ដែលអ្នក​ប្រើប្រាស់​ស្វែង​រក​ព័ត៌មាន។​ ប៉ុន្តែចម្លើយដែល​បានឆ្លើយដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មិនមែនមានន័យថា ម៉ាកយីហោនោះ​ត្រូវបាន​តំណាង​ឱ្យ​យ៉ាង​​​សុក្រិតត្រឹមត្រូវ ឬ​ទទួល​បាន​ការ​ទុក​ចិត្ត​​នោះឡើយ។ ចម្លើយទាំងនោះត្រូវបានដកស្រង់ចេញពីប្រភពជាច្រើន ដូច្នេះគុណភាព ភាពស៊ីសង្វាក់គ្នា និងភាពជឿជាក់នៃវត្តមានរបស់ម៉ាកយីហោ​ដ៏ទូលំទូលាយ គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

អ្នកស្រី Ivy Nhi Chau ស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុន Ivy+Partners ប្រទេសវៀតណាម បានបញ្ជាក់ថា៖​ “កេរ្តិ៍​ឈ្មោះ​ត្រូវ​បាន​បង្កើត​ឡើង​មិន​​មែនត្រឹមតែតាមរយៈអ្វីដែលមនុស្សបានឃើញនៅលើប្រព័ន្ធអនឡាញប៉ុណ្ណោះទេ​ ប៉ុន្តែក៏ត្រូវរួម​បញ្ចូល​ទាំង​ទំនាក់​ទំនង​ជាមួយភាគីពាក់ព័ន្ធ និង​បទ​ពិសោធន៍ជាក់ស្តែងក្នុងពិភពពិតផងដែរ។ សម្រាប់ម៉ាកយីហោនានា សំណួរមិនមែនស្ថិតនៅត្រង់ថា តើបញ្ញាសិប្បនិម្មិតបានលើកឡើងពីពួកគេដែរឬទេនោះទេ ប៉ុន្តែវាស្ថិតនៅត្រង់ថាតើការបង្ហាញទាំងនោះវាបានឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះដ៏គួរឱ្យជឿជាក់​ដែល​ត្រូវ​បាន​កសាង​ឡើងតាមរយៈសកម្មភាព និងទំនាក់ទំនងដែលមានភាពស៊ីសង្វាក់គ្នាកម្រិតណា”។​

បញ្ញាសិប្បនិម្មិតអាចជួយបង្កើនល្បឿនក្នុងការស្រាវជ្រាវ និងការផលិតមាតិកា។ ប៉ុន្តែ នៅពេលដែលគ្រប់គ្នាសុទ្ធតែប្រើប្រាស់ឧបករណ៍ស្រដៀងៗគ្នា ដោយ​​គ្មានយុទ្ធសាស្ត្រច្បាស់លាស់ វានឹងធ្វើឱ្យការប្រាស្រ័យទាក់ទង និងការបញ្ជូនសារបាត់បង់ភាពខុសប្លែក និងភាពលេចធ្លោរបស់ខ្លួន។ លោក Ong Hock Chuan ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Maverick ប្រទេសឥណ្ឌូនេស៊ី បានកត់សម្គាល់ថា ទិន្នន័យនៃភាពមើលឃើញ គឺមានប្រយោជន៍ លុះ​ត្រា​​តែ វាផ្តល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្តអំពីការកំណត់គោលដៅរបស់ម៉ាកយីហោ ខ្លឹមសារមាតិកា និងអាទិភាពនៃការទំនាក់ទំនង។

គុណតម្លៃរបស់បញ្ញាសិប្បនិម្មិត គួរតែត្រូវបានវាស់វែងដោយមិនផ្អែកលើបរិមាណមាតិកាដែលវាអាចផលិតបាននោះទេ ប៉ុន្តែគួរ​តែវាស់​វែង​លើ​កម្រិត​ដែល​​វាអាចជួយកសាងម៉ាកយីហោមួយឱ្យមានភាពគួរឱ្យជឿជាក់ មានភាពស៊ីសង្វាក់ និងមានលក្ខណៈប្លែកគេពីគេ។

តំបន់អាស៊ីមិនមែនជាទស្សនិកជនតែមួយនោះឡើយ។ ភាសា ការយោងទៅលើវប្បធម៌ ទម្លាប់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង​ការ​រំពឹង​ទុក​របស់​ភាគី​ពាក់ព័ន្ធ គឺមានភាពខុសប្លែកគ្នាពីទីផ្សារមួយទៅទីផ្សារមួយទៀត ហើយសារដែលមានប្រសិទ្ធភាពនៅក្នុងប្រទេសមួយ អាចនឹង​ផ្តល់​លទ្ធផល​ខុស​គ្នា​ដាច់ស្រឡះនៅក្នុងប្រទេសមួយទៀត។ បញ្ញាសិប្បនិម្មិតអាចជួយម៉ាកយីហោនានាក្នុងការកែច្នៃ និងចែកចាយ​សារ​ក្នុង​ទំហំ​ធំបាន ប៉ុន្តែ​ការយល់ដឹង​អំពី​ទីផ្សារក្នុងស្រុក គឺជាអ្វីដែលធ្វើឱ្យសារទាំងនោះមានភាពស៊ីសង្វាក់ និងទទួលបានការទុកចិត្ត។

អ្នកស្រី ផេង គឹមហ៊ន អគ្គនាយិកាក្រុមហ៊ុន TWPR Communication បានបង្ហាញទស្សនៈថា៖ “បញ្ញាសិប្បនិម្មិតអាចជួយឱ្យម៉ាកយីហោនានាត្រូវបាន​គេចាប់អារម្មណ៍ ប៉ុន្តែទំនុកចិត្តគឺត្រូវបានកសាងឡើងតាមរយៈការយល់ដឹងពីទីផ្សារក្នុងស្រុក ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយដែលគួរឱ្យទុក​ចិត្ត​ និងភាពស៊ីសង្វាក់គ្នានៃសកម្មភាពក្នុងរយៈពេលវែង។ សម្រាប់ទស្សនិកជននៅកម្ពុជា ការដែលសារមួយត្រូវបានចែកចាយដោយរបៀបណា និង​ដោយ​នរណា គឺមានសារៈសំខាន់ជាជាងសារនោះទៅទៀត”។

សម្រាប់ម៉ាកយីហោនៅកម្ពុជា ឱកាសគឺស្ថិតនៅលើការរួមបញ្ចូលគ្នារវាងសមត្ថភាពរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹង​ការវិនិច្ឆ័យ​របស់​មនុស្ស​​ ការ​យល់​ដឹង​អំពីវប្បធម៌ និងការកសាងទំនាក់ទំនង។ ទោះបីជាបញ្ញាសិប្បនិម្មិត អាចផ្លាស់ប្តូររបៀបដែលម៉ាកយីហោត្រូវបានស្វែងរកក៏ដោយ ក៏​ការទទួលបានទំនុកចិត្តនៅតែជាកិច្ចខិតខំប្រឹងប្រែងរបស់មនុស្ស និងការយល់ដឹងច្បាស់ពីបរិបទក្នុងស្រុកដដែល។

អំពី One Asia Communications (OAC)

One Asia Communications (OAC) គឺជាសម្ព័ន្ធយុទ្ធសាស្ត្រនៃទីភ្នាក់ងារឯករាជ្យផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារ ដែលគ្រប់គ្រងដោយម្ចាស់ផ្ទាល់នៅទូទាំងទ្វីបអាស៊ី។ OAC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់ទីផ្សារអាស៊ីដ៏ចម្រុះគ្នា តាមរយៈដំណោះស្រាយឆ្លងព្រំដែនប្រកបដោយភាពរលូន។ បណ្តាញនេះរួមបញ្ចូលគ្នានូវឧត្តមានុវត្តន៍ជាសកល ជាមួយនឹងការយល់ដឹងស៊ីជម្រៅអំពីបរិបទក្នុងស្រុក និងជំនាញជាក់​ស្តែងនៅក្នុងតំបន់។ OAC ជួយឱ្យម៉ាកយីហោនានាអាចដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនៅតែរក្សាបាននូវភាពបត់បែន​ ការយកចិត្តទុកដាក់ផ្ទាល់ខ្លួន និងការដឹកនាំដោយផ្ទាល់នៅនឹងកន្លែង ដែលជាលក្ខណៈពិសេសរបស់ទីភ្នាក់ងារឯករាជ្យទាំងនោះ។

អំពី TWPR Communication (TWPR)

TWPR គឺជាទីភ្នាក់ងារឈានមុខគេមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មពេញលេញលើផ្នែកទំនាក់ទំនងទីផ្សារចម្រុះ និងការច្នៃប្រឌិត។ ដោយផ្អែកលើការយល់ដឹងស៊ីជម្រៅអំពីបរិបទក្នុងស្រុក និងបណ្តាញទំនាក់ទំនងដ៏រឹងមាំជាមួយប្រព័ន្ធផ្សព្វផ្សាយព្រមទាំងអ្នកសារព័ត៌មាន TWPR មានជំនាញឯកទេសលើការរៀបចំផែនការទំនាក់ទំនងជាយុទ្ធសាស្ត្រ ទីផ្សារឌីជីថល ការរចនាប្រកបដោយភាពច្នៃប្រឌិត ទំនាក់ទំនងសាធារណៈ និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។

ចប់

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ

ក្រុមហ៊ុន TWPR Communication Co., Ltd.

លោក​ សុខ សារ៉ាក់

ទូរស័ព្ទ៖ (+855​) 78 289 974

អ៊ីម៉ែល៖ sarak@twpr360.com

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img