(មូស្គូ)៖ អ្នកវិភាគខាងគោលនយោបាយ លោក វិចទ័រ អាប្រាម៉ូវិច (Victor Abramowicz) បាននិយាយថាបន្ទាប់ពីវាយកាន់កាប់តំបន់លូហាន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងងាកមកផ្ដោតលើការវាយគ្រប់គ្រងតំបន់ដូណេតទាំងស្រុង មុននឹងស្នើឱ្យមានបទឈប់បាញ់ជាមួយអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយ ពីសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍ជាមួយ CNBC នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Abramowicz បានគូសបញ្ជាក់ថា លោក ពូទីន ប្រហែលជាអាចនឹងស្នើឱ្យមានបទឈប់បាញ់ នៅពេលដែលលោកផ្ទាល់អាចសម្រេចបានជ័យជម្នះតាមគោលដៅរបស់លោក នោះគឺគ្រប់គ្រងតំបន់ដុនបាស់ទាំងស្រុង។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើ លោក ហ្សេលេនស្គី អាចនឹងទទួលយកបទឈប់បាញ់ដែរឬទេ អ្នកវិភាគរូបនេះបានលើកឡើងថាប្រធានាធិបតីអ៊ុយក្រែនអាចនឹងទទួល ឬមិនទទួលយកបទឈប់បាញ់ គឺអាស្រ័យលើថាតើអ៊ុយក្រែននឹងទទួលបានការគាំទ្រទាំងផ្នែកយោធា និងហិរញ្ញវត្ថុពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិចដល់កម្រិតណា?
គួរបញ្ជាក់ថា តំបន់លូហាន និងតំបន់ដូណេត រួមបញ្ចូលគ្នាត្រូវបានគេហៅថាតំបន់ដុនបាស់ ហើយបច្ចុប្បន្នតំបន់លូហាន បានធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៉ីដែលកំពុង ផ្តោតលើការវាយប្រហារលើតំបន់ដូណេត ជាគោលដៅបន្ទាប់។ ការរំដោះតំបន់ដុនបាស់ ជាគោលបំណងដ៏ចម្បងមួយរបស់លោក ពូទីន នៅពេលបញ្ជាឱ្យកងទ័ពរបស់ លោកវាយសម្រុកចូលអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន៕
ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក