(ក្រុងឡុងដ៍)៖ ១គ្រាប់ចូលទីយ៉ាងស្អាតរបស់កីឡាករ Jadon Sancho នៅនាទី២៣ នោះ បានធ្វើឲ្យក្លិប Manchester United រកបានជ័យជម្នះ ៣លើកជាប់ៗក្នុងលីគ Premier League នៅពេលយកឈ្នះម្ចាស់ផ្ទះ Leicester City ដែលឈរនៅបាតតារាងនៅឡើយក្នុងលទ្ធផល ១ទល់នឹង០។
នេះមានន័យថា បិសាចក្រហមពុំទាន់លេងចាញ់ប្រកួតណាមួយឡើយ ក្នុងចំណោម ១១៩ប្រកួតនៅលីគកំពូលអង់គ្លេស នៅពេលពួកគេបើកការនាំមុខគូប្រជែងតាំងពីវគ្គទី១ គិតចាប់តាំងពីចាញ់ Leicester City ៥-៣ នៅកីឡដ្ឋាន King Power នាខែកញ្ញា ឆ្នាំ២០១៤ មក។
កូនក្រុមរបស់អ្នកចាត់ការទូទៅថ្មី លោក Erik ten Hag បានលេងបែបដាក់សម្ពាធទៅលើម្ចាស់ផ្ទះកញ្ជ្រោងខៀវ Leicester ជាខ្លាំង ក្នុងខណៈពួកគេ (Leicester) ព្យាយាមស្វែងរកជ័យជម្នះលើកដំបូងក្នុងសប្តាហ៍ទី៥ ជើងទី១ ក្នុងលីគនេះ ដ្បិតទើបរកបាន ១ពិន្ទុនៅឡើយឈរបាតតារាងពី ៤ប្រកួតនាពេលកន្លងមក។
នេះក៏ជាជ័យជម្នះទី៣ ជាប់ៗគ្នាផងដែរសម្រាប់ United ក្រោយពេលយកឈ្នះ Liverpool ក្នុងដី និង Southampton ក្រៅដីរួចមក ដោយមាន ៩ពិន្ទុឡើងទៅឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្ននៃតារាងពិន្ទុគិតត្រឹមសប្តាហ៍ទី៥ នេះ។
ក្នុងការលេងក្រៅដីជាលើកទី៣ នៃរដូវកាល ២០២២-២០២៣ នេះដែរ កីឡាករចាំទី David de Gea ធ្វើការសង្រ្គោះបាល់ចេញពីជើង James Maddison ដោយបាល់ Free kick ក្នុងវគ្គទី២ ដ្បិតខ្សែបម្រើចំណូលថ្មី Casemiro ត្រូវបានដាក់ឲ្យចូលលេងក្នុងនាមកីឡាករបម្រុង គ្រាដែល Cristiano Ronald ដែលត្រូវបានប្តូរចូលជំនួស Sancho វីសរកបាន ១គ្រាប់ដោយបាល់ទាត់បកក្រោយ តែខុសគោលដៅ។
កូនក្រុមរបស់លោក Erik ten Hag នឹងមានជំនួបធំនារាត្រីថ្ងៃអាទិត្យសប្តាហ៍នេះ ដោយត្រូវប៉ះក្រុមកំពូលតារាងលេងមិនចាញ់ Arsenal នៅកីឡដ្ឋាន Old Trafford នៃសប្តាហ៍ទី៦ របស់ពួកគេ៕




ប្រភព Sky Sport ប្រែសម្រួលដោយគីរីដងរែក




