កំពង់ធំះ នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការរដ្ឋាន តំណាងលោក នួន ផារត័្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ១០ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ សោម ស៊ុន ក្នុងនាមលោក នួន ផារ័ត្ន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ និងបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ឋជនទាំងអស់ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ គឺដើម្បីជួយដោះស្រាយសម្រាលជីវភាពរស់នៅរបស់គ្រួសារនីមួយៗប្រចាំថ្ងៃផង និងធ្វើឱ្យបងប្អូនអតីតយុទ្ឋជនយេីង មានលទ្ធភាពក្នុងការចូលរួមជាមួយក្រុមគ្រួសារ រៀបចំពិធីបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ១០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។ ហើយជាមួយនេះ ក្រុមគ្រួសារអតីតយុទ្ធជនទាំង ១០ គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង










ដោយគិរីដងរែក




