កណ្តាល៖ កក្រើកហ្វេសប៊ុកទៀតហើយ, នៅលើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហោះសារយ៉ាងដូច្នេះទៀតថា សុំតភាគរឿងឡានដឹករបស់មន្ទីរពហុព្យាបាលឯកជនមួយចំនួន…មើលជាក់ស្តែងករណីយប់មិញនេះ ដណ្តើមគ្នា ឈ្លោះគ្នា គ្មានខ្វល់ពីអាយុជីវិត ឬខ្វល់ពីជីវភាពក្រីក្រក៏របស់ប្រជាជនឡើយ។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចោទជាសំណួរថា ចុះឡានពេទ្យរដ្ឋរាប់រយគ្រឿងទៅណាអស់ហើយ? ឯណាទៅសីលធម៌វិជ្ជាជីវៈនោះ? យូរៗទៅយកបញ្ហាសង្គ្រោះបន្ទាន់បង្កើតជាមុខរបរទុច្ចរិតអស់គ្រប់ៗគ្នាហើយ តើប្រជាជនសង្ឃឹមអ្វី? មិនប៉ះពាល់ដល់សាច់លោហិតអ្នក ពួកអ្នកគ្មានថ្ងៃយល់ពីទំហំនៃការឈឺចាប់ឡើយ។
លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានបន្តទៀតថា ហើយអារឿងពេទ្យ ម្លិះ ដង្កោ ស្អីនោះក៏ដូចជាស្ងាត់មិនឃើញមានការស្រាវជ្រាវបកស្រាយឱ្យប្រជាជនបានដឹងច្បាស់លាស់នៅឡើយទេ ។ ខាងស្ថាប័នណាទទួលខុសត្រូវ?
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា «ខ្ញុំថាបើពិបាកពេកប្រមូលយកឡានពេទ្យរដ្ឋឱ្យ១១៧ជួយគ្រប់គ្រងហ្មងទៅ…ដំបៅចង់ទៅជាមហារីកហើយ ។ មន្ទីរពេទ្យខ្លះបង្កើតបញ្ហាមើលទៅដូចកន្លែងចាប់ជំរិតស្របច្បាប់អាម៉េចអាម៉ាទេ»។
សូមជម្រាបជូនថា ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក៖
«សុំតភាគរឿងឡានដឹករបស់មន្ទីរពហុព្យាបាលឯកជនមួយចំនួន…មើលជាក់ស្តែងករណីយប់មិញនេះ ដណ្តើមគ្នា ឈ្លោះគ្នា គ្មានខ្វល់ពីអាយុជីវិត ឬខ្វល់ពីជីវភាពក្រីក្រក៏របស់ប្រជាជនឡើយ!! ចុះឡានពេទ្យរដ្ឋរាប់រយគ្រឿងទៅណាអស់ហើយ???? ឯណាទៅសីលធម៌វិជ្ជាជីវៈនោះ? យូរៗទៅយកបញ្ហាសង្គ្រោះបន្ទាន់បង្កើតជាមុខរបរទុច្ចរិតអស់គ្រប់ៗគ្នាហើយ តើប្រជាជនសង្ឃឹមអ្វី? មិនប៉ះពាល់ដល់សាច់លោហិតអ្នក ពួកអ្នកគ្មានថ្ងៃយល់ពីទំហំនៃការឈឺចាប់ឡើយ…
ហើយអារឿងពេទ្យ ម្លិះ ដង្កោ ស្អីនោះក៏ដូចជាស្ងាត់មិនឃើញមានការស្រាវជ្រាវបកស្រាយឱ្យប្រជាជនបានដឹងច្បាស់លាស់នៅឡើយទេ ។ ខាងស្ថាប័នណាទទួលខុសត្រូវ?? ខ្ញុំថាបើពិបាកពេកប្រមូលយកឡានពេទ្យរដ្ឋឱ្យ ១១៧ ជួយគ្រប់គ្រងហ្មងទៅ… ដំបៅចង់ទៅជាមហារីកហើយ ។ មន្ទីរពេទ្យខ្លះបង្កើតបញ្ហាមើលទៅដូចកន្លែងចាប់ជំរិតស្របច្បាប់អាម៉េចអាម៉ាទេ ។ឆ្ងល់…………………..»៕



ដោយគីរីដងរែក




