នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលកើតមានឡើងក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសកម្មភាពនេះដឹកនាំដោយលោកអនុសេនីឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងចម្រុះនៅថ្ងៃនេះ បានធ្វើការកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន ២៤របាំង ប្រវែងជាង ១,២០០ម៉ែត្រ, ឡុកស្បៃមុងចំនួន ៣៤គ្រឿង, លូឬលប ចំនួន ៤៥មាត់, រុះរើរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ៣របាំង ប្រវែងជាង ៦៥០ម៉ែត្រ, ឡុកសាច់អួនចំនួន ៦គ្រឿង, លូឬលបសាច់អួនចំនួន ១២មាត់, ចាក់លែងត្រីចម្រុះ ប្រមាណ ចំនួន ៤០គីឡូក្រាម, បង្គោលឈើចំនួន ៩៨០ដើម និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ដេីម្បីធ្វើឲ្យផលត្រីរបស់យើងបានសំបូរឡើងវិញ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត បន្តសកម្មភាពបង្រា្កបបទល្មើសនេសាទខុសច្បាប់ ឱ្យទទួលបានជោគជ័យ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងថែរក្សារក្សាធនធានមច្ឆាជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕












ដោយសំនៀង




