រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដល់ប្រជានេសាទក្នុងខេត្តទាំងអស់ ឲ្យប្រគល់ឧបករណ៍នេសាទដែលហាមឃាត់ទុក មុនដំណាច់ខែនេះ ដើម្បីបញ្ចៀសការផ្ដន្ទាទោសតាមផ្លូវច្បាប់។
សេចក្តីជូនដំណឹងនេះត្រូវបានផ្សព្វផ្សាយដល់សារព័ត៌មានក្នុងស្រុក និងប្រជាពលរដ្ឋក្នុងខេត្តនៅល្ងាចថ្ងៃ ទី ១២ ឧសភា ។
សេចក្តីជូនដំណឹងនេះត្រូវបានចេញផ្សាយ ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់នេសាទក្នុងខេត្តកំពង់ធំ និងបង្កើនការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីផលិតផល។
បើតាមសេចក្តីជូនដំណឹង សូមជម្រាបជូនដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុងខេត្តកំពង់ធំ ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល នៅក្នុងដែននេសាទក្នុងខេត្តកំពង់ធំ និងដើម្បីប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូន បងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទ ល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត ទ្រូងអូសលៀសដោយម៉ាស៊ីន និង ឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត ។
ដោយគីរីដងរែគ