ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិននិងអាមេរិកជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក ដែលសហគមន៍អន្តរជាតិបានចាត់ទុកថាជាទំនាក់ទំនង រវាងប្រទេសនិងប្រទេសដ៏សំខាន់បំផុតមួយដែលមិនអាចខ្វះបានលើសកលលោក មិនថាក្នុងវិស័យការទូតឬវិស័យសេដ្ឋកិច្ចនោះឡើយ។ អាស្រ័យហេតុនេះ យើងអាចនិយាយបានថា ទំនាក់ទំនងរវាងចិននិងអាមេរិកល្អឬមិនល្អ វាពាក់ព័ន្ធផ្ទាល់ដល់ជោគវាសនានិងទិសដៅអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ភពផែនដីនេះធំទូលាយណាស់ ដែលធំគ្រប់គ្រាន់អាចឱ្យចិននិងអាមេរិករួមរស់ជាមួយគ្នាបាន ហើយក៏ល្មមគ្រប់គ្រាន់សម្រាប់ឱ្យចិននិងអាមេរិកធ្វើការអភិវឌ្ឍរួមនិងជំរុញវិបុលភាពរៀងៗខ្លួន។»
ការលើកឡើងបែបនេះ គឺបង្ហាញពីបេះដូងធំទូលាយនិងទឹកចិត្តស្មោះស្មើរបស់ប្រទេសចិនដែលរីករាយរាប់អានជាមួយមិត្តភក្តិជុំវិញពិភពលោក និងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំដែលគិតគូរពីផលប្រយោជន៍រួមរបស់មនុស្សជាតិ។ គួរបញ្ជាក់ថា ក្នុងកិច្ចជំនួបកំពូលនៅក្រុងប៉េកាំងខណៈពេលលោក ត្រាំ ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែឧសភាកន្លងទៅ មេដឹកនាំកំពូលទាំងពីររូបបានឯកភាពគ្នាបង្កើត«ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា»ដែលបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ជំរុញទំនាក់ទំនងចិន-អាមេរិកក្នុងរយៈពេល៣ ឆ្នាំខាងមុខឬកាន់តែយូរ។
គំនិតឯកភាពរួមរបស់មេដឹកនាំទាំងពីររូបបានត្រូវអនុវត្តជាក់ស្តែងជាបន្តបន្ទាប់ ឧទាហរណ៍ដូចជានៅខែកញ្ញានេះ អាមេរិកបានប្រគល់វត្ថុបុរាណចំនួន៦៤ ដុំឱ្យប្រទេសចិនវិញហើយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបាននិងកំពុងធ្វើការពិគ្រោះពិភាក្សាអំពីការកាត់បន្ថយពន្ធគយបដិការដែលមានទំហំ៣០ ពាន់លានដុល្លារអាមេរិករៀងៗគ្នា។ ចំណែកឯគំនិតឯកភាពរួមផ្សេងទៀតដូចជាការបង្កើតក្រុមប្រឹក្សាធុរកិច្ចអន្តររដ្ឋាភិបាលចិន-អាមេរិកនិងក្រុមប្រឹក្សាវិនិយោគចិន-អាមេរិកក៏បាននិងកំពុងប្រព្រឹត្តទៅតាមនីតិវិធីផងដែរ។ លើសពីនេះ កាលពីថ្ងៃទី២០ ខែកញ្ញាតាមម៉ោងអាមេរិក កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដោយផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលជាកង្វល់រួមរបស់ភាគីទាំងពីរដូចជាការអនុវត្តគំនិតឯកភាពរួមក្នុងការពិភាក្សានាពេលមុនៗ និងការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីជាដើម ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នា ការរួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
គួរបញ្ជាក់ថា ដើម្បីពង្រឹងស្ថិរភាពយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចនៅអាមេរិកពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញានេះតាមការអញ្ជើញរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិក។ សហគមន៍អន្តរជាតិរំពឹងទុកថា ក្រៅពីពង្រឹងសមិទ្ធផលនៃកិច្ចជំនួបកំពូលក្រុងប៉េកាំង មហាអំណាចទាំងពីរនឹងអាចឈានដល់គំនិតឯកភាពរួមក្នុងបញ្ហាសំខាន់ៗមួយចំនួនទៀត ដើម្បីផ្តល់នូវជំនឿចិត្តនិងបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់ពិភពលោកបច្ចុប្បន្នដែលមានភាពរង្គោះរង្គើនិងច្របូកច្របល់។ ជាការពិតណាស់ ខ្លឹមសារនៃទំនាក់ទំនងរវាងចិននិងអាមេរិកវាមិនមែនស្ថិតនៅលើតែកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ ពោលគឺប្រទេសធំទាំងពីរអាចអង្គុយពិភាក្សាទល់មុខគ្នាដើម្បីដោះស្រាយភាពខុសគ្នាឬការខ្វែងគំនិតគ្នាឱ្យបានសមរម្យក៏ដូចជាធ្វើការជាមួយគ្នាដើម្បីការរីកចម្រើននៃបច្ចេកវិទ្យា ការឆ្លើយតបនឹងបញ្ហាប្រឈមសកលនានា និងការថែរក្សាសន្តិភាពនិងវិបុលភាពរបស់ពិភពលោក។ អាស្រ័យហេតុនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមិនមែនជាការប្រកួតប្រជែងយកស្លាប់រស់ឬផលបូកសូន្យនោះទេ តែគួរតែជាទំនាក់ទំនងដែលបំពេញបន្ថែមឧត្តមភាពគ្នានិងដើរតួនាទីជាយុថ្កាលំនឹងស្ថិរភាពពិភពលោក។ ការខិតខំស្វែងរកភាពដូចគ្នានិងរក្សាទុកភាពខុសគ្នា ហើយដើរតាមទិសដៅដូចគ្នាទើបអាចឱ្យទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឋិតថេរបានយូរអង្វែង។ ក្នុងនាមជាប្រទេសធំដែលមានឥទ្ធិពលខ្លាំងនៅលើពិភពលោក គប្បីរ៉ាប់រងភារកិច្ចសំខាន់ដែលធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីជាឧត្តមប្រយោជន៍រួមរបស់មនុស្សជាតិ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភពផែនដីជារបស់មនុស្សជាតិទាំងមូល មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេស កម្លាំងឬបុគ្គលណានោះទេ ហើយក៏គ្មានប្រទេស កម្លាំងឬបុគ្គលណាដែលអាចដោះស្រាយបញ្ហាសកលដោយឯកឯងនោះដែរ ពោលគឺការដោះស្រាយបញ្ហាសកលត្រូវមានការចូលរួមពីគ្រប់ភាគី ដើម្បីប្រមូលផ្តុំទាំងពុទ្ធិនិងផែនការដែលអាចអនុវត្តបាននិងមានប្រសិទ្ធភាព។ ជាពិសេស បើសិនជាប្រទេសទាំងពីរចិននិងអាមេរិករក្សាបាននូវទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្របានជាប់លាប់ នោះនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរក្សាស្ថិរភាពក្នុងតំបន់និងពិភពលោក៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន




