កេរ្តិ៍ឈ្មោះរបស់លោក ហេង សួរ បានល្បីរន្ទឺពេញស្រុកខ្មែរ នៅពេលលោកថ្លែការពីការងារកម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩,៥% ឈរលំដាប់ទី២នៅលើពិភពលោក។
អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០,៥% ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់ ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម ១៨៥ ប្រទេស។ នេះបើតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ៤៧៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៧១ មានកម្មករនិយោជិតសរុបជាង១៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៤១១លានដុល្លារក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

លោក ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ជមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។តំណែងរដ្ឋមន្ត្រីក្រសួងការងារគឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានាហើយនៅកម្ពុជាក៏ដូចគ្នាដែរ។
លោក ហេង សួរ កើតនៅឆ្នាំ១៩៧៤ នៅរាជធានីភ្នំពេញ។ លោកមានបងប្អូនបង្កើត ៥នាក់ ហើយលោកជាកូនច្បង។ ដែលមានឪពុកឈ្មោះ ហេង ឃាង និងម្តាយឈ្មោះនាង ហួរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ១៩៩៨ និងមានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីប្រទេសជប៉ុន។ លោកធ្លាប់ជាប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។

លោក ហេង សួរ មានតួនាទីជាច្រើនក្នុងក្រសួងការងារ មុននឹងក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារកាលពីថ្ងៃទី២២ សីហា ២០២៣ តទៅ។ ពីដំបូង លោកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកក្លាយជាអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការនៃក្រសួងការងារ។
ក្រៅពីនេះ លោកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងការងារ ព្រមទាំងជាសមាជិកដ៏មានឥទ្ធិពលនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ហើយលោក ហេង សួរ ជាមនុស្សមានចំណេះដឹងជ្រៅជ្រះ មានសមត្ថភាព និងអ្នកពូកែបញ្ចុះបញ្ចូល។ លោក ហេង សួរ បានបង្ហាញជាសាធារណៈ មុនក្លាយជារដ្ឋមន្ត្រីក្រសួងការងារនោះ គឺករណីវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Nagaworld)។

ក្រៅពីការរដ្ជមន្ត្រីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាធាយខេត្តកំពង់ចាម។ ជាមួយគ្នានេះ លោកក៏ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ តំណាងនាយករដ្ជមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំនានាជាមួយសមាជិកបក្សនៅក្រៅប្រទេស៕
កន្លងទៅ មិនធ្លាប់មានព័ត៌មានបែកធ្លាយពីទ្រព្យសម្បត្តិរបស់លោក ហេង សួរ នោះទេ ហើយលោកក៏មិនបានសម្ញែងទ្រព្យសម្បត្តិហ៊ឺហា ដូចមន្ត្រីមួយចំនួនទៀតនោះដែរ។ ប៉ុន្តែភរិយារបស់លោក ឈ្មោះ សោម រស្មី គឺជាម្ចាស់សណ្ឋាគារធំមួយនៅក្បែរឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ដែលអាចមានតម្លៃដល់រាប់លានដុល្លារ។ បើតាមការបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន ភរិយារបស់លោក ហេង សួរ គឺជាអ្នកជំនួញអចលនទ្រព្យម្នាក់ដែរ
ទោះជាយ៉ាងណា លោក ហេង សួរ ឡើងមកចំពេលនេះក៏ទំនងជាមិនផ្អែមមាត់ប៉ុន្មាននោះដែរ ព្រោះមានបញ្ហារាប់ជំពូកដែលកំពុងរង់ចាំឱ្យលោកដោះស្រាយ មានជាអាទិ៍ បញ្ហាអត់ការងារធ្វើរបស់កម្មករកើតចេញពីការបិទរោងចក្រ ឬព្យួរការងារ បញ្ហាចំណាកស្រុករបស់ពលរដ្ឋ និងការបង្កើនឱកាសការងារសម្រាប់យុវជនដែលហក់ចូលទីផ្សារការងារកាន់តែច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាកូនរាស្ត្រសាមញ្ញ លោក ហេង សួរ ជាមនុស្សរួសរាយ ងាយនឹងចូលគេចូលឯង ប៉ុន្តែលោកម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារ ដោយលោកត្រូវការទាំងគុណភាព និងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ។ នេះបើតាមអ្នកដែលធ្លាប់ធ្វើការជាមួយលោក ហេង សួរ។ មិនតែប៉ុណ្ណោះ លោក ក៏មិនរាថយចំពោះការចោទប្រកាន់នានាពីអ្នកដែលបាត់បង់ផលប្រយោជន៍ ឬមានចេតនាបំផ្លាញសង្គមឡើយ ពោលគឺឱ្យតែសកម្មភាព និងទង្វើររបស់លោក អាចនាំមកនូវប្រយោជន៍ ឬការពានូវប្រយោជន៍របស់ប្រជាពលរដ្ឋភាគ ច្រើនលើសលប់។
យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាលគេសង្កេតឃើញអ្នកកាន់តំណែងមានប្រភពចេញពីកូនររាស្ត្រសាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ៕


ដោយគិរីដងរែក