26.9 C
Phnom Penh
Thursday, July 23, 2026
- Advertisement -spot_img

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានធ្វើជា ច្រកព័ត៌មានផ្លូវការសម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន

- Advertisement -spot_img

ឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ និងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានថ្នាក់ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនឱ្យសកម្មថែមទៀត ដោយត្រូវឈរជើងជា «ច្រកព័ត៌មានផ្លូវការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលាជូនដល់សាធារណជន។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។

នៅឱកាសនោះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកសរសើរដល់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានល្អ ដើម្បីសម្របសម្រួលជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការបំពេញភារកិច្ចចុះយកព័ត៌មាន និងផ្តិតយករូបភាព ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិបានទទួលព័ត៌មានពិតទាក់ទងនឹងស្ថានភាព និងការវិវឌ្ឍនានាក្នុងតំបន់រងការវាយប្រហារដោយអាវុធ ដែលបានកើតឡើងក្នុងអំឡុងពេលនៃការឈ្លានពានដោយយោធាថៃ។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យបានជំរុញឱ្យមន្ត្រីព័ត៌មានខិតខំបំពេញការងារព័ត៌មាន និងសាធារណមតិឱ្យបានជាប្រចាំថែមទៀត និងមិនត្រូវទុកឱ្យព័ត៌មានក្លែងក្លាយត្រូវបន្តចែករំលែកក្នុងបណ្តាញសង្គមឡើយ។ ក្នុងនោះ ត្រូវបង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន និងភាគីពាក់ព័ន្ធ។ ការណ៍នេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានពិតឱ្យបានជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗ លើការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។


រាល់រាល់មាតិកាព័ត៌មានដែលផលិតដោយមន្ទីរព័ត៌មាន ត្រូវយកទៅផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, TikTok និងប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានវិទ្យុ និងទូរទស្សន៍ ដើម្បីជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តមបានបន្តថា ការផលិតព័ត៌មានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ហេតុការណ៍ក្នុងមូលដ្ឋានខេត្ត នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ក្នុងការស្វែងយល់ពីព័ត៌មានផ្សេងៗ និងសក្តានុពលតំបន់ទេសចរណ៍របស់ខេត្តកាន់តែងាយស្រួល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ចាន់ សុភាព ក៏បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មលើវិស័យព័ត៌មាន និងសាធារណមតិ ក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជារលកទី១ និងទី២ កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់ការណែនាំដល់មន្ត្រីព័ត៌មានឱ្យពង្រឹងសមត្ថភាពដើរឱ្យទាន់បច្ចេកវិទ្យា គ្រប់គ្រងការងារសាធារណមតិឱ្យបានទាន់ពេលវេលា ច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកថែរក្សាស្ថិរភាពសង្គម និងគាំទ្រដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។


លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកនូវរាល់អនុសាសន៍ និងមតិណែនាំដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចការងារគ្រប់គ្រងទូទៅ ក៏ដូចជាកិច្ចការព័ត៌មាន និងសាធារណមតិក្នុងខេត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img