កម្ពុជា បានឈ្នះមេដាយសរុប ៧គ្រឿង ក្នុងការប្រកួតព្រឹត្តិការណ៍ប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ដែលមានសមាជិកទាំងអស់ ២៧នាក់ បានដណ្ដើមមេដាយសរុប ៧គ្រឿង លើ ៦វិញ្ញាសា។ មេដាយទាំង៧គ្រឿង ដែលកម្ពុជាដណ្តើមបាន រួមមាន មេដាយមាស ចំនួន ៣គ្រឿង, មេដាយប្រាក់ ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ២គ្រឿង។
សម្រាប់មេដាយមាស ៣គ្រឿង ធ្វើបានដោយ កីឡាករ អ៊ុត ដួងខែ ប្រភេទយុវជនអាយុក្រោម ១៨ឆ្នាំ វាយយកពិន្ទុ, កីឡាករ ថោង ឈឿន វិញ្ញាសាវាយយកពិន្ទុបុរស និងក្រុមបុរស ៣នាក់ទល់៣នាក់ (A) ដែលមានកីឡាករ ថោងឈឿន, យឹម សុភ័ណ្ឌ, សៅ សុភារ៉ាន់ និង តិប នរ៉ា។
មេដាយប្រាក់២គ្រឿងធ្វើបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា វិញ្ញាសាវាយយកពិន្ទុនារី និងវិញ្ញាសានារី ៣នាក់ទល់៣នាក់ ដែលមាន កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង អ៊ុ ដាវីន។
ចំណែកមេដាយសំរឹទ្ធ ២គ្រឿង ធ្វើបានដោយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ទល់៣នាក់ (B) មានកីឡាករ ភាព ផាឃិន, អ៊ុត សុខជា, នូច សុខេមរៈ និងកីឡាការិនី ហាក់ ស្រីនុត និងបុរស ៣នាក់ទល់៣នាក់ (B) មាន កីឡាករ ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា និង ពុធយ៉ុន ច័ន្ទដារ៉ា៕



ដោយគីរីដងរែក




