(បាសេឡូណា)៖ គ្រូបង្វឹកក្លិប FC Barcelona លោក Xavi Hernandez បានលើកឡើងថា កីឡាករ Ousmane Dembele អាចបន្តដើម្បីសម្រេចបាននូវ «រឿងដ៏អស្ចារ្យ» បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះបានតែតបាល់បញ្ចូលទី ១គ្រាប់ និងបានបង្កើតឲ្យមានការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ផ្សេងទៀត នៅក្នុងការប្រកួតឈ្នះ ៤-០ របស់ពួកគេលើក្រុម Athletic Bilbao។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
កីឡាករអន្តរជាតិបារាំងរូបនេះ បានបើកការរកគ្រាប់បាល់បាននៅនាទីទី១២ តាមរយៈការតែតបាល់បញ្ចូលទី មុនពេលការផ្តល់ជំនួយឲ្យកីឡាករ Sergi Roberto, Robert Lewandowski និង Ferran Torres រកបានម្នាក់ ១គ្រាប់ទៀត។
Dembele បានតស៊ូជាមួយនឹងបញ្ហារបួសជាច្រើនចាប់តាំងពីទៅដល់ ក្រោយផ្លាស់ពី Borussia Dortmund ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃផ្ទេរ ១០៥លានអឺរ៉ូ (១០៣.៤១លានដុល្លារ)។ លោកបានផុតកិច្ចសន្យាកាលពីចប់រដូវកាលមុន ប៉ុន្តែបានចុះកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំកាលពីខែកក្កដា ដើម្បីបន្តលេងនៅ Barca។
«បាល់ទាត់ គឺជាការសម្រេចចិត្ត។ តើអ្នកសម្រេចចិត្តត្រូវឬក៏អត់។ Ousmane សម្រេចចិត្តត្រូវនៅថ្ងៃនេះ។ គាត់ដឹងពីរបៀបនៃការប្រកួត»។ នេះបើតាមសម្តីលោក Xavi បានប្រាប់អ្នកសារព័ត៌មាន។
«គាត់ជាខ្សែបម្រើស្លាបដ៏អស្ចារ្យម្នាក់។ ពេលខ្លះគាត់លេងបានល្អ ហើយពេលខ្លះក៏មិនបានល្អ ហើយថ្ងៃនេះ ជាថ្ងៃដ៏អស្ចារ្យសម្រាប់គាត់។ គាត់ចាំបាច់ត្រូវព្យាយាមបន្ថែមទៀត ដើម្បីកាន់តែសមស្របនៅក្នុងការប្រកួតទាំងអស់។ នោះជាអ្វីដែលខ្ញុំបានជំរុញឲ្យក្លិបចុះកិច្ចសន្យាថ្មីជាមួយគាត់ ព្រោះគាត់អាចមានសមត្ថភាព សម្រេចបាននូវរឿងដ៏អស្ចារ្យ»។
សូមជម្រាបថា Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Bayern Munich ក្នុងលីគ Champions League នាថ្ងៃពុធ មុនពេលធ្វើដំណើរទៅជួបក្រុម Valencia ប្រកួតក្នុងលីគ La Liga នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕





ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




