ពិតជាលឿនបំផុតមិនធ្លាប់មានត្រឹមរយៈពេល ៦នាទី និង ១២វិនាទី ខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានស៊ុតគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ក្នុងជំនួបវគ្គចែកពូល UEFA Champions League ដែលក្លិប Liverpool បានតាមវាយបកយកឈ្នះក្លិប Rangers ៧-១ ស្ថិតក្នុងពូល A។
ស្ថិតក្នុងជំនួបទី៤ នៃពូល A កីឡាករខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Salah ធ្វើបាននៅនាទី៧៥ នាទី៨០ និងនាទី៨១ ក្រោយពេលមិត្តរួមក្រុម Roberto Firmino រកបាន ២គ្រាប់ នៅពេលកីឡាករ Nunez និង Elliott ធ្វើបានម្នាក់ ១គ្រាប់ផងដែរ បន្ទាប់ពីការនាំមុខរបស់ក្រុមម្ចាស់ផ្ទះ Rangers របស់ស្កុតឡេនធ្វើបានដោយ Scott Arfield នៅនាទី១៧ នាកីឡដ្ឋាន Ibrox។
ដូច្នះជាបណ្តោះអាសន្ន ក្លិបដែលដឹកនាំដោយលោក Jurgen Kloop ហ្សងក្រហម Liverpool បានឈរនៅលេខរៀងទី២ រកបាន ៩ពិន្ទុប្រចាំពូល A ដែលមានក្លិប Napoli ឈរកំពូលតារាង និងរកបាន ១២ពិន្ទុ ហើយក្លិបហូឡង់ Ajax ឈរលេខ៣ គ្រាដែល Rangers ឈរបាតតារាងមិនទាន់រកបានពិន្ទុ ដ្បិតនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ។
ប្រភពពី BBC បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Salah ពេលនេះរកបាន ៣៨គ្រាប់ហើយក្នុងការលេងនៅក្របខណ្ឌលីគអឺរ៉ុប Champions League ជាមួយ Liverpool ដោយវ៉ាដាច់អតីតតារាជើងស៊ុត Didier Drogba ដែលមាន ៣៦គ្រាប់៕



ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




