(ហ្សាហ្គ្រេប)៖ ខ្សែបម្រើសញ្ជាតិក្រូអាតរបស់ក្លិប Inter Milan កីឡាករ Marcelo Brozovic បានទទួលរងរបួសរហែកសាច់ដុំមួយផ្នែក ហើយទំនងជាត្រូវអវត្តមានពីការប្រកួតរយៈពេលច្រើនសប្តាហ៍។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ក្រូអាត ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
កីឡាករវ័យ ២៩ឆ្នាំដែលរកគ្រាប់បាល់បាន ៧គ្រាប់ក្នុងចំណោម ៧៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិក្រូអាតរូបនេះបានរងរបួសនៅនាទីទី១៨ នៃការប្រកួតឈ្នះក្រៅទឹកដី ៣-១ របស់ពួកគេលើក្រុមអូទ្រីសក្នុងលីគ Nations League កាលពីថ្ងៃអាទិត្យ។
ក្រូអាតបានបញ្ចប់នៅកំពូលតារាងពូល League A-Group One ដោយមាន ១៣ពិន្ទុពី ៦ប្រកួត។
ពួកគេនឹងចាប់ផ្តើមយុទ្ធនាការ World Cup នៅប្រទេសកាតានាថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ដោយត្រូវប៉ះនឹងក្រុមម៉ារ៉ុក។
Brozovic បានបង្ហាញខ្លួន ៩ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Inter នារដូវកាលនេះ ដោយរកគ្រាប់បាល់បាន ២គ្រាប់។ Inter កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងលីគកំពូលអ៊ីតាលី Serie A ដោយមាន ១២ពិន្ទុពី ៧ប្រកួត។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះជួបក្រុមចំណាត់ថ្នាក់ទី៦ AS Roma នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




