ក្រុមហ៊ុន OCIC និង MRCA របស់ម៉ាឡេស៊ី បានបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត តាមការធ្វើដំណើរទស្សនកិច្ច នៅតាមគម្រោងជាច្រើន ក្រោមការអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំង ២ សម្រេចបានជោគជ័យក្នុងការចុះអនុស្សារណៈយោគយល់ នាពេលកន្លងទៅ។
ស្ថិតក្នុងដំណើរទស្សនកិច្ចនោះ គម្រោង ដឹ អូឡាំព្យាម៉ល ក៏មានការរៀបចំកម្មវិធី (The Olympia Fun Fair & Education Fair) ដែលផ្ដល់នូវឱកាសដល់សិស្សានុសិស្ស អំពីគោលគំនិតល្អៗជុំវិញការសិក្សា ស្រាវជ្រាវ ក៏ដូចជាផ្ដល់ឱកាសក្នុងការស្វែងយល់អំពីការបន្តការសិក្សា ទៅកាន់សកលវិទ្យាល័យនាពេលអនាគតផងដែរ។ មិនតែប៉ុណ្ណោះផ្សារទំនើប ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញមួយនេះ ក៏មានការរៀបចំ ជាវេទិកាអាហារជាតិ និងអន្តរជាតិ ការប្រគុំតន្ត្រី សិល្បៈបុរាណ និងសកម្មភាពជាច្រើនផ្សេងៗទៀត ដែលនាំមកនូវភាពសប្បាយរីករាយ និងឆ្លើយតបនឹងដំណើរទស្សនាកិច្ចដ៏មានន័យនេះ។
ជាមួយគ្នានោះដែរ គម្រោង ដឹ អេឡីហ្ស ស្ថិតនៅភូមិសាស្ត្រដ៏មានសក្ដារនុពុលបំផុតមួយ នៃទីក្រុងកោះពេជ្រ ដែលមានសន្ទុះកំណើនអចលនទ្រព្យដ៏ឆាប់រហ័សក្នុងរាជធានីភ្នំពេញ ក៏មានរៀបចំ កម្មវិធីពិពណ៌អាហារ ប្រមូលផ្ដុំទៅដោយអាហារជាតិ និងអន្តរជាតិជាច្រើនមុខ ក្រោមការចូលរួមពីភោជនីយដ្ឋានប្រមាណជាង ៦០ បានញាំងឲ្យគម្រោងមួយនេះ នាំមកនូវការជួបជុំដ៏សប្បាយរីករាយ បង្កើតភាពស្និតស្នាល ស្នាមញញឺម បង្កើតបានជាបរិយាកាសសុកដុម និងមានចរន្តមនុស្សច្រើនកុះករ ប្រៀបបានទៅនឹងសកម្មភាព ស្ថិតនៅសំណង់បុរាណ Champs Elysees ក្នុងទីក្រុងប៉ារីសដូច្នោះដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី លឹម លីជិន នាយិកា នៃក្រុមហ៊ុន OCIC និងក្រុមហ៊ុនមេហ្គាអាសិត មេនេច មេន បានបង្ហាញចំណាប់អារម្មណ៍ថា អាជីវកម្មរបស់ OCIC ដើរតួយ៉ាងសំខាន់ ក្នុងការបង្ហាញអំពីវប្បធម៌ និងប្រវត្តិសាស្ត្រ សម្រាប់រាជធានីភ្នំពេញ ក្នុងការប្រារព្ធពិធី ដែលបង្ហាញអំពីសម្បត្តិបេតិកភណ្ឌ និងឆ្ពោះទៅកាន់ថ្ងៃអនាគត បង្កើតជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ការរស់នៅ និងសកម្មភាពជាច្រើនផ្សេងទៀត។
លោកស្រីបានបន្ថែមទៀតថា «យើងមានសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតម៉ាំថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនេះ គួបផ្សំហេតុផលជាច្រើន រួមទាំងអនុស្សារណៈយោគយល់ជាមួយ MRCA នឹងបន្តជំរុញ ក៏ដូចជាបង្កើតឱកាស សម្រាប់សហគមន៍ធុរកិច្ចម៉ាឡេស៊ី និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដែលក្រុមហ៊ុន OCIC បានត្រៀមខ្លួនរួមជាស្រេចក្នុងការស្វាគមន៍»។
គួរបញ្ជាក់ផងដែរថា ក្រៅពីដំណើរទស្សនកិច្ចនៅតាមគម្រោងធំៗខាងលើ ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC និង MRCA ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងធំៗជាច្រើនទៀត ដើម្បីសម្លឹងមើលឱកាសវិនិយោគ ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ឲ្យកាន់តែប្រសើរ ពិសេសបង្កើតដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យអាទិភាព ដែលមានឧត្តមប្រយោជន៍៕







ដោយគីរីដងរែក