ចាប់ពីថ្ងៃចន្ទ ៩កើត ដល់ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWDFMP) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកម្ពុជា-កូរ៉េ ចុះពិនិត្យទីតាំងជាក់ស្តែងនៃអនុគម្រោងប្រព័ន្ធធារាសាស្ត្រដែលត្រូវសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៅតាមបណ្តាខេត្តគោលដៅចំនួនបី រួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។ ក្នុងដំណើរបេសកកម្មរយៈពេល ៤ថ្ងៃនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យទីតាំងអនុគម្រោងសរុបចំនួន ៧កន្លែង រួមមាន៖ ខេត្តបន្ទាយមានជ័យ ចំនួន ៣អនុគម្រោង ខេត្តឧត្តរមានជ័យ ចំនួន ៣អនុគម្រោង និងខេត្តសៀមរាប ចំនួន ១អនុគម្រោង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រ សក្តានុពលនៃការអភិវឌ្ឍនាពេលអនាគត ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលកំពុងជួបប្រទះនៅតាមមូលដ្ឋាន។
ទន្ទឹមនឹងនេះ ឯកឧត្តម សេរី បណ្ឌិត និងក្រុមការងារបច្ចេកទេសកម្ពុជា-កូរ៉េ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលប្រមូលទិន្នន័យចាំបាច់ ធានាឱ្យការសិក្សាសមិទ្ធិលទ្ធភាពប្រព្រឹត្តទៅដោយរលូន និងមានគុណភាព។ គម្រោង CCRSIWDFMP នេះ ទទួលបានហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រកម្ពុជាឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយហានិភ័យទឹកជំនន់ និងគ្រោះរាំងស្ងួតជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព៕







ដោយគិរីដងរែក




