នាព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពទ្រព្យសម្បត្តិ និងអាយុជីវិត។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នារៀបចំគម្រោងសាងសង់ការពារច្រាំងទន្លេ ដោយស្នើមកក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយបច្ចេកទេសឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា ការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក តែងតែកើតមានឡើងក្នុងរដូវវស្សា និងរដូវប្រាំង ដែលបង្កឡើងដោយសារកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស ហើយដែលបណ្តាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ ទ្រព្យសម្បត្តិឯកជន លំនៅដ្ឋាន និងដីចំការជាដើម៕










ដោយគិរីដងរែក




