30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មាន របស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤)

- Advertisement -spot_img

-(VOAថ្ងៃទី១ខែកុម្ភៈ)លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានដកតំណែងអភិបាលខេត្ត បើមានការ ទន្ទ្រានដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តនីមួយៗ ។ លោក បានណែនាំឱ្យអភិបាលខេត្តទាំង ៦ ដែលជាប់ បឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ត្រូវទប់ស្កាត់ឱ្យ បាននូវការទន្ទ្រានដីបឹងទន្លេសាប ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ ។ ជុំវិញរឿងនេះ ប្រធានប្រតិបត្តិនៃសមាគម បណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ថា បញ្ហានៅតំបន់បឹងទន្លេសាប គឺជាបញ្ហាច្រំដែល ដែលកន្លង ទៅ អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់បានចេញបទបញ្ជាដែរ ។ លោកបន្ថែមថា ដើម្បីទប់ស្កាត់រាល់ការទន្ទ្រានដីបឹង ទន្លេសាប រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធត្រូវកំណត់ឱ្យបាននូវវិធានការច្បាស់លាស់ក្នុងការអនុវត្ត ។

-(RFIថ្ងៃទី១ខែកុម្ភៈ)រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងខ្វះខាតដើមទុនជិត ១ពាន់២រយលានដុល្លារ ដើម្បីដោះស្រាយបញ្ហាវិនិយោគនៅតាមអគារខ្មោច ឬអគារទុកចោលមិនទាន់សាងសង់រួចរាល់ក្នុងខេត្តព្រះសីហនុ ។ ជុំវិញរឿងនេះ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល រិះគន់ថា នេះជាបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចរៀបចំ សណ្តាប់ធ្នាប់ និងប្រព័ន្ធច្បាប់ឱ្យល្អប្រសើរ ដើម្បីផ្ដល់ឱ្យអ្នកជំនួញក្នុងស្រុក និងវិនិយោគិនបរទេសមានទំនុកចិត្ត បោះទុនវិនិយោគបន្តលើសំណង់អគារខ្មោច ។

-(ភ្នំពេញប៉ុស្តិ៍ថ្ងៃទី១ខែកុម្ភៈ)អគ្គស្នងការនគរបាលជាតិលោក ស ថេត បានណែនាំដល់កម្លាំងនគរបាល ចរាចរណ៍ទូទាំងប្រទេសត្រូវបន្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នក បើកបរយានយន្តគ្រប់ប្រភេទ ខណៈឆ្លងកាត់យុទ្ធនាការនាប៉ុន្មានថ្ងៃមកនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

-(VOAថ្ងៃទី១ខែកុម្ភៈ)រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី លើកឡើងថា រដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដាក់នាំរបស់បងប្រុសលោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំបើកឱកាសឲ្យ ពលរដ្ឋបានចូលបម្រើការងាររដ្ឋ ដោយផ្អែកលើសមត្ថភាពជាចម្បង ។ ការទទួលបានឱកាសស្មើគ្នានេះត្រូវបានបញ្ជាក់ តាមរយៈការជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បន្ថែមលើការជ្រើសរើសមន្ត្រីកសិកម្មឃុំ ។

-(VOAថ្ងៃទី១ខែកុម្ភៈ)អ្នកឃ្លាំមើលរិះគន់ជាថ្មីក្រោយមានមន្ត្រីនគរបាលនៅខេត្តស្ទឹងត្រែងម្នាក់ពាក់ព័ន្ធរឿង ជួញដូរគ្រឿងញៀនជាច្រើនគីឡូក្រាមនៅភ្នំពេញ ។ ពួកគេស្នើដល់រដ្ឋាភិបាលចាត់វិធានការឱ្យបានតឹងរ៉ឹងទៅលើជន ប្រព្រឹត្តល្មើសច្បាប់ ជាពិសេស ត្រូវលាងសម្អាតមន្ត្រីណាដែលជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយគ្មានលើកលែង។

-(RFAថ្ងៃទី១ខែកុម្ភៈ)អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាអាក្រក់ជាងឆ្នាំមុន ដែលបង្ហាញថារដ្ឋាភិបាលប្រទេសកម្ពុជាគ្មានឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ ជុំវិញរឿង នេះ មន្ត្រីសង្គមស៊ីវិលបារម្ភថាអំពើពុករលួយនឹងក្លាយជាជំងឺរ៉ាំរ៉ៃ និងជាកន្លែងលាងលុយកខ្វក់ដែលធ្វើឱ្យប៉ះពាល់ ដល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។


-(RFAថ្ងៃទី១ខែកុម្ភៈ)កសិករមួយចំនួនរស់នៅខេត្តជាប់តំបន់បឹងទន្លេសាប កំពុងផុងខ្លួននឹងបញ្ហាបំណុល វ័ណ្ឌក ក្រោយពីស្រូវប្រាំងរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ដោយសារខ្វះទឹក ។ កសិករក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សោកស្តាយស្រូវប្រាំង របស់ពួកគាត់ជាច្រើនពាន់ហិកតារងាប់ជាបន្តបន្ទាប់ ធ្វើឱ្យពួកគាត់ខាតបង់ថវិកា ច្រើន និងប្រឈមបញ្ហាបំណុលប៉ះពាល់ជីវភាពគ្រួសារ ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា រដ្ឋាភិបាលត្រូវតែរកមធ្យោបាយដោះស្រាយបញ្ហានេះជូនប្រជា កសិករជាបន្ទាន់ ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់កសិករ និង លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img