27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

កម្ពុជា និងឆែក បន្តលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ក្រោយការដោះដូរទំនិញធ្លាក់ចុះពីរឆ្នាំជាប់គ្នា ដោយសារវិបត្តិកូវីដ១៩

- Advertisement -spot_img

ភ្នំពេញ៖ ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ប៉ុន្តែដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតសក្តានុពល នៅទី០១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្ដីបានបន្តថា ភាគីទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗ ក្នុងបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃ និងវេចខ្ចប់ផ្លែឈើកម្ពុជា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រលើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មីតាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះ ដូចជា កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img