(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការលើកកម្ពស់ការយល់ដឹងស្ដីពីការបង្ការ និងទប់ស្កាត់ហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ” នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជំរុញម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូនកម្មករនិយោជិតឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់បរិយាកាសការងារមួយប្រកបដោយសុវត្ថិភាព សុខដុមរមនា សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នានៅកន្លែងការងារ ដោយចៀសវាងការបង្កឱ្យមានការតវ៉ាដែលនាំឱ្យប៉ះពាល់ដល់ផលិតភាព។

ថ្លែងទៅកាន់អ្នកចូលរួមដែលភាគច្រើនជាជនបរទេសប្រមាណ ៤០០នាក់ ដែលមានតួនាទីជាអ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីសារៈសំខាន់ក្នុងការបញ្រ្ជាបការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដើម្បីរួមគ្នាលុបបំបាត់បាតុភាពផ្សេងៗជាវិវាទការងារ ដែលបណ្តាលមកពីការប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ ការជេរប្រមាថ និងការបៀតបៀនគ្រប់ទម្រង់នៅកន្លែងធ្វើការ។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ក្នុងអនុវត្តចំណាត់ការច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើស ដូចករណីថ្មីៗនេះ ដែលក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសចំនួនពីរនាក់ដែលបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិត។

ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងអាចលើកលែងបានបើវាជាករណីលើកទី១ ប៉ុន្តែបើបុគ្គលទាំងនោះប្រព្រឹត្តកំហុសដដែលម្តងទៀត នឹងប្រឈមការដកហូតបណ្ណការងារ និងបណ្ដេញចេញពីកម្ពុជាដោយគ្មានការលើកលែង។ រីឯអ្នកបកប្រែភាសា ក៏អាចប្រឈមនឹងការបញ្ឈប់ពីការងារផងដែរ ប្រសិនបើរកឃើញថាកំហុសបង្កឡើងពីអ្នកបកប្រែ។ទោះយ៉ាងណា នៅមុនពេលមានចំណាត់ការយ៉ាងតឹងរ៉ឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ ជាពិសេសជនបរទេស មកទទួលការបណ្តុះបណ្តាលដែលវិទ្យាស្ថានជាតិការងារ នឹងបើកវគ្គបណ្តុះបណ្តាលចាប់ពីខែកញ្ញាខាងមុខ ឱ្យយល់ដឹងកាន់តែច្បាស់ពីសុជីវធម៌ វប្បធម៌ និងទំនៀមទម្លាប់ប្រជាជនខ្មែរ រួមទាំងវិធីសាស្រ្តក្នុងការគ្រប់គ្រងធនធានមនុស្ស និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា ដើម្បីបង្កើតបាននូវវប្បធម៌សុខដុមរមនានៅកន្លែងធ្វើការ។
ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំឱ្យទាញយកឯកសារច្បាប់ស្តីពីការងារ ពី QR Code ដែលក្រសួងបានបកប្រែជា ៤ភាសា (ភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន) យកទៅអានឬសិក្សាដើម្បីឱ្យយល់ដឹងពីលក្ខខណ្ឌការងារ លើកកម្ពស់ឱ្យមានវប្បធម៌អនុលោមភាព និងវប្បធម៌នៃការគោរពច្បាប់។ឯកឧត្តមសង្ឃឹមថា ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ ជាពិសេសបុគ្គលដែលធ្វើការផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិត នឹងប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិការងារ ការគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត និងហាមឃាត់ ព្រមទាំងទប់ស្កាត់រាល់ទម្រង់នៃការជេរប្រមាថ ការគំរាមកំហែង និងអាកប្បកិរិយាមិនសមរម្យជាដាច់ខាត។ បងប្អូនកម្មករនិយោជិតទាំងអស់ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ គោរពសិទ្ធិគ្នាទៅវិញទៅមក គោរពបទបញ្ជាផ្ទៃក្នុង និងផ្តល់ព័ត៌មានភ្លាមៗមកមន្រ្តីអធិការការងារ ប្រសិនបើមានករណីរំលោភបំពាន តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង ។














ដោយគិរីដងរែក




