នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូ JICA ដឹកនាំដោយលោក HAYAKAWA Yuho អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ ចុះពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់នូវអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ពេជ្រ វាសនា មានបញ្ជាក់ថា បេសកកម្មនេះ គឺដើម្បីចុះពិនិត្យសមិទ្ធផលដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុន (Japan ODA) លើវិស័យធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដោយមានការចូលរួមពី ឯកឧត្តមទីប្រឹក្សា មន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ទីប្រឹក្សាបច្ចេកទេសប្រចាំគម្រោង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូជប៉ុនថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលគ្របដណ្តប់លើភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ គឺជាគម្រោងអាទិភាពយ៉ាងសំខាន់ក្នុងការកែលម្អផលិតភាពកសិកម្ម កាត់បន្ថយការខូចខាតដោយសារទឹកជំនន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងនេះទទួលបានឥណទានសម្បទានពីប្រទេសជប៉ុនចំនួន ៣ដំណាក់កាល សម្រាប់សាងសង់ និងជួសជុលសំណង់ក្បាលហុងទឹក ប្រឡាយមេ ប្រឡាយថ្នាក់ទី២ និងទី៣ ព្រមទាំងសំណង់ស្ទាក់ទឹកពាក់ព័ន្ធនានា ការស្តារ និងពង្រឹងកំណាត់ស្ទឹងតូច ការបង្កើត និងការពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក និងការពង្រឹងសេវាផ្សព្វផ្សាយកសិកម្មជូនប្រជាកសិករនៅក្នុងតំបន់គោលដៅ។
សូមបញ្ជាក់ជូនថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តតាំងពីខែតុលា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០៣០ ខាងមុខ។ គម្រោងនេះបែងចែកជា ២អនុគម្រោងគឺ៖ ១) អនុគម្រោងរលាំងជ្រៃ និង ២) អនុគម្រោងកណ្តាលស្ទឹង-បាទី ដោយមានសក្តានុពលអាចស្រោចស្រពលើផ្ទៃដីស្រែវស្សាបានប្រមាណ ១៩,១១១ ហិកតា និងស្រែប្រាំងបានប្រមាណ ១,៩០០ ហិកតា៕











ដោយគិរីដងរែក




