(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំច្រនាង និងឃុំស្វាយភ្លើង ចុះពិនិត្យស្ថានភាពបង្កបង្កើនផលចម្ការដំឡូងមីរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានដោយផ្ទាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដែលបង្កឱ្យមានការដក់ទឹកនៅតំបន់ទំនាប និងប្រឈមនឹងហានិភ័យរលួយដើម និងមើមដំឡូង។
ដើម្បីចៀសវាងការខូចខាត និងបាត់បង់ប្រាក់ចំណូលប្រជាពលរដ្ឋរួសរាន់ប្រមូលផល (ដកដំឡូង) នៅតាមតំបន់ទំនាប និងទីតាំងដែលមានចង្ហក់ទឹកហូរ។ ផ្អែកលើការចុះពិនិត្យជាក់ស្តែង បងប្អូនកសិករអាចប្រមូលផលទទួលបានទិន្នផលជាមធ្យមប្រមាណ២០តោន ក្នុងមួយហិកតា។
ដោយឡែក ចំពោះទីផ្សារបច្ចុប្បន្ន ដំឡូងមីទទួលបានតម្លៃចន្លោះពី៤៣០ ដល់៤៤០រៀល ក្នុង១គីឡូក្រាម ដែលតម្លៃនេះបានធ្វើឱ្យប្រជាកសិករសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែអាចទូទាត់ថ្លៃដើម និងទទួលបានប្រាក់ចំណេញសមរម្យ។
ក្នុងឱកាសនោះដែរលោកអភិបាលស្រុក ក៏បានដាក់បទបញ្ជា និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឃុំ-ភូមិ និងផ្នែកពាក់ព័ន្ធ ឱ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពដំណាំរបស់ប្រជាពលរដ្ឋ។ ជាពិសេស លោកបានសង្កត់ធ្ងន់លើការត្រួតពិនិត្យ និងតាមដានតម្លៃទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់កុំឱ្យមានក្រុមឈ្មួញកណ្តាលភូតភរ ឬកេងបន្លំតម្លៃលើកសិករឡើយ ក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕








ដោយសំនៀង




