កំពង់ធំះ នៅព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនៅអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅភូមិអង្គរសែនជ័យ ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោកតា ស៊ុន វុន អាយុ ៦៦ ឆ្នាំ និងភរិយាង៉ែត ស្រី អាយុ ៥៥ ឆ្នាំ មានកូននៅក្នុងបន្ទប់ពីរនាក់ ។លោកតាមានជំងឺប្រចាំកាយមិនអាចដើរទៅឆ្ងាយនឹងប្រកបមុខរបរសម្រាប់ចិញ្ចឹមជីវិតបានឡើយ ។ សព្វថ្ងៃគាត់និងកូនចំនួនពីរនាក់ រស់នៅដោយសារភរិយារបស់គាត់ធ្វើជាកម្មករ ជម្រះស្មៅ និងដកដំឡូងឲ្យគេនៅតាមចំការគ្រាន់បានប្រាក់កម្រៃទិញអង្ករសម្រាប់ចិញ្ចឹមជីវិត ។ ដោយឡែកលោកយាយ សៀ ទ្រៀង អាយុ ៧៩ ឆ្នាំ ដែលជាចាស់ជរា មានកូនស្រីម្នាក់ធ្វើជាកម្មករដកដំឡូងមី ដែលមានជីវភាពលំបាកខ្វះខាត ហើយពេលខ្លះត្រូវបានកូនចៅ នៅក្នុងស្រុកភូមិជួយដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃជូនគាត់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងបានជម្រាបជូនអំពីសភាពការណ៍ថ្មីៗមួយចំនួនស្ដីពីការឃ្លានពានរបស់យោធាប្រទេសថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងយោធពលខេមរៈភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី នាពេលកន្លងទៅ។ ជាមួយនេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាយើង បានខិតខំអត់ធ្មត់ និងគោរពយ៉ាងម៉ឺងម៉ាត់ នៅបទឈប់បាញ់ និងបានខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីរបស់យើងស្របតាមច្បាប់មិនឲ្យមានការបាត់បង់ដោយការឈ្លានពានបានឡើយ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមក្នុងផ្ទះនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនិងជូនលោកយាយលោកតានៅតាមខ្នងផ្ទះនីមួយៗ ដើម្បីបានសម្រាលនូវការលំបាករបស់គាត់ក្នុងជីវភាពប្រចាំថ្ងៃបានមួយរយ:ពេលផងដែរ៕


ដោយសំនៀង គិរីដងរែក




