(កំពង់ធំ)៖ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសុខុមាលភាពកុមារនៅកម្ពុជា តាមរយៈការផ្តល់សម្ភារកីឡា “កញ្ចប់ផែនដាឆ្នាំ២០២៦” ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តចែកជូនដល់សាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន៦៧៨សាលារៀន នៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកណ្តាល។

កម្មវិធីប្រគល់-ទទួលនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យបល្លង្ក ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមជាមួយលោក Zhang Shenyue និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកតាំងគោក នាយកសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធសរុបជិត១០០០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ការផ្តល់សម្ភារកីឡាកញ្ចប់ផែនដាឆ្នាំ២០២៦ គឺជាការរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេីយអំណោយទាំងនេះពោរពេញដោយអត្ថន័យក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងលើកកម្ពស់សុខភាពសិស្សានុសិស្សនៅតាមសាលារៀន។ ឯកឧត្តមបានគូសបញ្ជាក់ថា កីឡាជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រៅពីជួយពង្រឹងសុខភាព ក៏ជួយបណ្តុះស្មារតីសាមគ្គីភាព វិន័យ និងការធ្វើការជាក្រុមផងដែរ។
ក្នុង នាមសិស្សានុសិស្សដែលជាអ្នកទទួលផល និងក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរ ជាពិសេស វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងបានបន្តគាំទ្រជាប់ជានិច្ចលេីវិស័យអប់រំនិងសុខុមាលភាពរបស់សិស្សនៅក្នុងខេត្តកំពង់ធំនិយាយជាពិសេស ហេីយអំណោយសម្ភារកីឡានាថ្អៃនេះបានឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលបន្តរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនាមម្ចាស់អំណោយ ជាពិសេស ក្រុមហ៊ុនAlibaba លោក Zhang Shnyue បានមានប្រសាសន៍ថា មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មានមោទកភាពដែលបានប្រកៀកស្មារជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអប់រំរបស់កុមារកម្ពុជា។ លោកបានបញ្ជាក់ថា «សម្ភារកីឡាកញ្ចប់ផែនដា» មិនត្រឹមតែជាសម្ភារកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ញើក្តីស្រឡាញ់ មិត្តភាព និងក្តីសង្ឃឹមរបស់ប្រជាជនចិនទៅកាន់សិស្សានុសិស្សកម្ពុជារាល់រូបនៅតាមសាលារៀន។ លោកបានបន្ថែមថា ការមើលឃើញកុមារកម្ពុជាមានស្នាមញញឹម សុខភាពល្អ និងមានឱកាសចូលរួមសកម្មភាពកីឡា គឺជាកម្លាំងចិត្តសម្រាប់ភាគីចិនក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា នាពេលអនាគត។
សម្ភារកីឡាកញ្ចប់ផែនដាឆ្នាំ២០២៦សរុប២៥៥០ឈុត ដែលត្រូវចែកជូនដល់សាលារៀនទាំង៦៧៨កន្លែងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនសកម្មភាពកីឡាក្នុងសាលារៀន និងជំរុញបរិយាកាសសិក្សាឱ្យកាន់តែសកម្ម រស់រវើក និងប្រកបដោយសុខភាពល្អ ស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា៕












ដោយគិរីដងរែក




