ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦ ចំនួន១៣៥នាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ លោកអធិការនគរបាលក្រុង-ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានផ្សព្វផ្សាយ និងណែនាំអំពីដំណើរការ ព្រមទាំងចំណុចសំខាន់ៗពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស សម្រាប់ឆ្នាំ២០២៦ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានយល់ដឹងច្បាស់លាស់ និងអាចផ្សព្វផ្សាយបន្តជូនដល់បេក្ខជនដែលមានបំណងចូលរួមប្រឡង។ លោកស្នងការរង ក៏បានណែនាំឱ្យអង្គភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអនុវត្តតាមសេចក្តីជូនដំណឹង និងគោលការណ៍ដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានជំរុញឱ្យកម្លាំងនគរបាលពាក់ព័ន្ធបន្តផ្សព្វផ្សាយព័ត៌មានទៅដល់សាធារណជន និងយុវជនដែលមានចំណាប់អារម្មណ៍ ដើម្បីឱ្យពួកគេបានទទួលព័ត៌មានគ្រប់គ្រាន់ និងអាចត្រៀមលក្ខណៈចូលរួមការប្រឡងប្រជែងតាមនីតិវិធីដែលបានកំណត់។
គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស គឺជាដំណើរការជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលក្រសួងមហាផ្ទៃបានកំណត់៕










ដោយសំនៀង គិរីដងរែក




