កំពង់ធំ៖ លោក ប៉ុញ សច្ចៈ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួសជុលផ្លូវលំក្នុងឃុំកំពង់ចិនត្បូង ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៧ នេះ លោក ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនៅក្នុងឃុំកំពង់ចិនត្បូង ដែលសកម្មភាពចុះជួសជុលផ្លូវលំ នាពេលនេះ ធ្វើឡើងក្នុងគោលបំណងជួយឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។

មួយវិញទៀត ជាការដោះស្រាយបញ្ហាប្រឈមភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលតែងតែជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក បន្តសកម្មភាពអភិវឌ្ឍន៍ បង្ហាញពីស្មារតីទទួលខុសត្រូវ និងការធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្មមិនដាច់ដៃ ដើម្បីកែប្រែមុខមាត់មូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើសពីនេះ ការចុះសម្រេចសមិទ្ធផលនាពេលនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ចាន់ត្បូង បានសម្តែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប៉ុញ សច្ចៈ ព្រមទាំងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និងចុះជួយដោះស្រាយទុក្ខធុរៈរបស់ពួកគាត់បានទាន់ពេលវេលា។ សូមបញ្ជាក់ថាផ្លូវដែលជួសជុលនៅក្នុងពេលនេះមានប្រវែង១, ៥១៥ម៉ែត្រ និងប្រព័ន្ធប្រឡាយរំដោះទឹក ឆ្លងកាត់ភូមិកំពង់ក្តីនិងភូមិកំពង់ចិន៕







ដោយ សំនៀង គិរីដងរែក




