នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ២០ គ្រួសារ នៅក្នុងរដូវបិទនេសាទ និងប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនទីបញ្ជាការស្រាលសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ឆ្នាំ ២០២៦ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាឃុំនៅជាប់មាត់បឹងទន្លេសាប ។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាល ប្រចាំការបង្ក្រាបបទល្មើសនេសាទនៅតំបន់ឃុំពាមបាង ស្រុកស្ទោង បានឡើងរាយការណ៍បញ្ជាក់ថា ដោយរដូវនេះជារដូវបិទនេសាទ ហើយប្រជាពលរដ្ឋមួយចំនួន មិនមានមុខរបរអ្វីក្រៅពីការនេសាទត្រី ដើម្បីលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃ ដូច្នេះមានការលំបាកខ្វះខាត។ ហើយកន្លងទៅ របបហូបចុកប្រចាំថ្ងៃរបស់កងទ័ពដែលប្រចាំការនៅទីបញ្ជាការស្រាល និងការឧបត្ថម្ភស្បៀងអាហារបន្ថែមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនដល់ទីបញ្ជាការស្រាលត្រូវបានចែករំលែកជូនគាត់ជាបន្តបន្ទាប់ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាងចម្រុះដែលបានបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទទទួលបានលទ្ធផលល្អប្រសេីរ និងបានថ្លែងអំណរគុណចំពោះកងកម្លាំងនៅទីបញ្ជាការស្រាល ដែលតែងតែយកចិត្តទុកដាក់ចែករំលែកស្បៀងអាហារ ជួយដោះស្រាយនៅការលំបាកចំពោះមុខជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ក្នុងរដូវបិទនេសាទនាពេលកន្លងទៅក៏ដូចជានៅពេលបច្ចុប្បន្ននេះ ។ ដែលនេះ ជាគុណធម៌របស់កងទ័ពក្នុងការបម្រើប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន នឹងដើម្បីប្រជាជន និងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលតម្រូវឲ្យមានការគោរពតាមច្បាប់ស្ដីពីជលផល នៅក្នុងរដូវបិទនេសាទនេះ គឺដើម្បីបម្រេីផលប្រយោជន៍ផ្ទាល់របស់បងប្អូនប្រជាជនដែលនៅក្នុងមូលដ្ឋាន ក្នុងការថែរក្សាធនធានមច្ឆជាតិ ដែលជារដូវត្រីពងកូន ដើម្បីឲ្យបងប្អូនបាននេសាទត្រីទទួលបានទិន្នផលខ្ពស់នៅពេលដល់រដូវបើកការនេសាទនាពេលខាងមុខ នៅទូទាំងប្រទេស និងសង្គមជាតិយើងទាំងមូល និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តគោរព និងអនុវត្តតាមច្បាប់ស្ដីពីជលផល ពិសេសនៅក្នុងរដូវបិទនេសាទនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសំបូរឡើងវិញ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍ឆក់គ្រប់ប្រភេទ និងការនេសាទត្រីដោយប្រើប្រាស់របាំងស្បែមុង ដែលច្បាប់បានហាមឃាត់ជាដាច់ខាត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង ចំនួន ២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននៅអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។ ដោយឡែក កងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោង ក៍បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទនៅពេលនេះដោយគ្មានការដកថយឡេីយ ៕



ដោយសំនៀង គិរីដងរែក




