25.8 C
Phnom Penh
Tuesday, November 10, 2026
- Advertisement -spot_img

បណ្ណាល័យមេគង្គ-ឡានឆាងបើកឱកាសដល់កុមារកម្ពុជាឈ្វេងយល់ពីប្រទេសចិនតាមរយៈដំណើរទស្សនកិច្ចសិក្សានៅខេត្តយូណាន

- Advertisement -spot_img

យូណានប្រទេសចិន៖ កុមារកម្ពុជាចំនួន៦រូប មកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាង យុវជន១រូប​ និងមន្រ្តីរាំជការ៣រូប​ បានទទួលឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តយូណាន ប្រទេសចិន រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់បន្ថែមអំពីប្រទេសចិន វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនចិន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងយុវជន និងកុមារកម្ពុជា-ចិន ព្រមទាំងផ្តល់បទពិសោធន៍ជាក់ស្តែងដល់កុមារកម្ពុជាតាមរយៈការសិក្សា និងការទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗក្នុងខេត្តយូណាន។

លោកបណ្ឌិត ជាមុនីឫទ្ធិ បានជម្រាបថា នេះជាលើកទី១ដែល សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន បានសហការជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលចិនជាច្រើន ដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរបែបនេះ។ ក្នុងនោះមាន មូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (CICEF), មូលនិធិ Peaceland, អង្គការ Yundi, ក្រុមយុវជនស្ម័គ្រចិត្ត Binhai នៃក្រុងធានជីង, មន្ទីរពេទ្យបេះដូង Fuwai និងបណ្ណាគារ Xinhua ជាដើម ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ការផ្តល់ឱកាសឱ្យកុមារ​ យុវជន​ មន្ត្រី​រាជការ​កម្ពុជាបានមកសិក្សា និងស្វែងយល់ដោយផ្ទាល់ពីប្រទេសចិន គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើតការយល់ដឹង ការគោរព និងមិត្តភាពរវាងប្រជាជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ លោក អេងសុភក្ត្រ ឪពុករបស់កុមារី សុភក្ត្រអែមហ្សាណា ដែលជាសិស្សមកពីសាលាបឋមសិក្សា ហ៊ុនសែនព្រៃទទឹង ដែលមានបណ្ណាល័យមេគង្គ-ឡានឆាង បានសម្តែងក្តីរំភើប និងអំណរគុណចំពោះសមាគម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ «ឱកាសមាស» ដល់កូនស្រីរបស់លោក រួមជាមួយកុមារ ៥រូបផ្សេងទៀត ដើម្បីបានធ្វើដំណើរទៅសិក្សា និងឈ្វេងយល់ពីប្រទេសចិនដោយផ្ទាល់។

លោកបានបន្ថែមថា បទពិសោធន៍នេះនឹងជួយបើកទស្សនៈថ្មីៗសម្រាប់កុមារ និងជំរុញឱ្យពួកគេមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើការសិក្សាភាសាចិន និងការយល់ដឹងអំពីវប្បធម៌ចិន។ លោកក៏ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។

ជាមួយគ្នានេះ ក្នុងចំណោមក្រុមកុមារដែលបានទៅបំពេញទស្សនកិច្ចនៅចិន កុមារា សំ ពេជ្រវរជ័យ ដែលជាសិស្សមកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាងទី៥តាំងនៅ បានបង្ហាញថា ដោយមានឪពុកម្តាយកំពុងលើកទឹកចិត្ត ខ្លួនបាននិងកំពុងខិតខំសិក្សាភាសាចិន ព្រោះការចេះភាសាចិនអាចបើកឱកាសកាន់តែច្រើនសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការទទួលបានចំណេះដឹងថ្មីៗ ជាពិសេសបទពិសោធន៍ផ្នែកឌីជីថល ដែលខ្លួនអាចយកមកអភិវឌ្ឍ និងរួមចំណែកដល់សង្គមជាតិ។

លោក ហេងកំសាន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមដឹកនាំដំណើរទស្សនកិច្ច បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងអ្នកអានវ័យក្មេងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់កុមារកម្ពុជាស្វែងយល់ពីវប្បធម៌ និងសង្គមចិន ហើយនាំយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកចែករំលែកនៅកម្ពុជា។

លោកបានបន្ថែមថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបែបនេះ ក៏អាចរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងបេតិកភណ្ឌកម្ពុជាទៅកាន់មិត្តចិន ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។

បណ្ណាល័យមេគង្គ-ឡានឆាង មិនត្រឹមតែជាកន្លែងសម្រាប់អានសៀវភៅ និងសិក្សារបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្ពានមួយសម្រាប់ភ្ជាប់ការអប់រំ វប្បធម៌ និងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន។ តាមរយៈការផ្តល់ឱកាសឱ្យកុមារបានធ្វើដំណើរ ស្គាល់ និងរៀនសូត្រពីប្រទេសចិនដោយផ្ទាល់ សកម្មភាពនេះបានរួមចំណែកបណ្តុះគំនិត និងមិត្តភាពកម្ពុជា-ចិនសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img