កំពង់ធំះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំឆមាសទី១ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យ៉ាងច្រើនកុះករ ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយកាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលសំខាន់ៗ នៃការងារយោធាសន្តិសុខ ប្រចាំឆមាសទី១ ដែលអង្គភាពសម្រេចបាន និងបានគូសបញ្ជាក់អំពីលទ្ធផលក្នុងកិច្ចប្រតិបត្តិការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ទទួលបានជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដើម្បីអង្គប្រជុំបានជ្រួលជ្រាប ។ ជាមួយនោះដែរ លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាននិងប្រគល់ទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះទាំងអស់ ព្រមទាំងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទបានប្រគល់ជូន។ ពិសេសក្នុងរយ:ពេលកន្លងទៅនេះកងកម្លាំងនៃបញជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមក្នុងភារៈកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកចោរសៀមឃ្លានពានទឹកដី ។ ព្រមជាមួយនោះ កងកម្លាំងក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាស្នូលក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វេីឲ្យបច្ចុប្បន្ននេះ បទល្មើសនេសាទនៅខេត្តកំពង់ធំ មានការថយចុះប្រមាណពី៧០ទៅ៨០% ។ ដោយឡែកការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ មិនមានការកើតឡើងជាថ្មីទៀតឡើយ ហហេីយផ្ទៃដីដែលរងនូវការទន្ទ្រានកន្លងទៅត្រូវបានកងកម្លាំងចម្រុះដកហូត គ្រប់គ្រងជាសម្បត្តិរបស់រដ្ឋ និងកំពុងដាំស្តាព្រៃឈេីឡើងវិញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅឆមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះមានជាអាទិ៍៖ ទី១ កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេចអនុវត្តតាមបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដី ដោយត្រូវហ្វឹកហ្វឺនរៀនសូត្រឲ្យបានជាប់ជាប្រចាំ។ ទី២ ត្រូវបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។ ទី៣ ត្រូវចូលរួមក្នុងការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា និងការកែទម្រង់កងយោធពលខេមរភូមិន្ទឲ្យទទួលបានជោគជ័យ ។ ទី ៤ បន្តសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដៅវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ។ និងទី ៥ ត្រូវបន្តចូលរួមដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ ស្របតាមទិសស្លោកកងទ័ពជាកូនចៅរបសប្រជាជន និងធ្វើអ្វីៗដេីម្បីប្រជាជន៕



ដោយ សំនៀង គិរីដងរែក




