កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរពីមួយជំនាន់ទៅមួយជំនាន់។តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិនដែល«តម្កល់ទុកប្រជាជនជាចម្បង»,«ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះក៏បានក្លាយជា«លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។ពិតណាស់ បច្ចុប្បន្ននេះ ពាក្យថា«មហាដំណើរ»មិនមែនសំដៅតែលើការធ្វើដំណើរដោយថ្មើរជើងជាងមួយម៉ឺនគីឡូម៉ែត្ររបស់អតីតកងទ័ពបក្សកុម្មុយនីស្តចិនទៀតទេ តែវាបានក្លាយជាស្មារតីមួយបែបដែលដក់ជាប់នៅក្នុងហ្សែនរបស់បក្សកុម្មុយនីស្តចិន និងបានជំរុញឱ្យប្រជាជនចិនដើរឆ្ពោះទៅមុខតាមផ្លូវអភិវឌ្ឍន៍របស់ខ្លួនដែលទទួលបានការទទួលស្គាល់និងការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក និងបានរួមចំណែកចំពោះអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកក្នុងចន្លោះ៣០% ជាច្រើនឆ្នាំជាប់ៗគ្នា វាមិនមែនជារឿងចៃដន្យនោះទេ តែជាលទ្ធផលដែលកើតចេញពីការប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហដោយមិនងាករេ ពោលគឺមិនត្រឹមតែមានផែនការជាតិ សម្រាប់ការអភិវឌ្ឍនៃប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកចំហសម្រាប់ការធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីសម្រេចគោលដៅឈ្នះ-ឈ្នះផងដែរ ដែលនេះជាស្មារតីប្រកាន់ខ្ជាប់ដល់ទីបំផុតនៃមហាដំណើររបស់កងទ័ពបដិវត្តន៍បក្សកុម្មុយនីស្តចិន។ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេសដែលជារឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ជាច្រើនលើកថា «ក្នុងដំណើរការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នឹងមិនបោះបង់ចោលជនជាតិណាមួយឡើយ» ដែលស្របទៅនឹងស្មារតីមហាដំណើរ ពោលគឺទោះមានការលំបាកយ៉ាងណាក៏ដោយ ក៏មិនបោះបង់ចោលយុទ្ធមិត្តណាម្នាក់ឡើយ ហើយត្រូវរួមចិត្តរួមកម្លាំងទាំងកងទ័ពនិងប្រជាជន ដើម្បីទទួលបានជ័យជម្នះនៅទីបំផុត។ប្រទេសចិនសម្រេចបាននូវការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាស ការកសាងស្ថានីយអវកាស ការរុករកនៅភពព្រះចន្ទនិងភពអង្គារជាដើមដែលបានបង្កើតកំណត់ត្រាថ្មីៗជាច្រើន ហើយក៏បានចុះរុករកនៅបាតសមុទ្រក្នុងជម្រៅ១០៩០៩ ម៉ែត្រ ដែលជាការមុជចូលបានជម្រៅជ្រៅទី២ លើពិភពលោក។ ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រទាំងលំហអវកាសនិងបាតសមុទ្ររបស់ប្រទេសចិនបាននាំមកនូវរបកគំហើញថ្មីៗជាច្រើនសម្រាប់ពិភពលោក ដែលនេះក៏ជាស្មារតីមហាដំណើរដែលធ្វើការរុករកឥតឈប់ឈរ។ ស្មារតីមហាដំណើរដែលប្រកបដោយភាពឯករាជ្យម្ចាស់ការក៏ត្រូវបានឆ្លុះបញ្ចាំងក្នុងការអភិវឌ្ឍនៃវិស័យផ្សេងៗរបស់ចិនផងដែរ ជាពិសេសគឺនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។ របកគំហើញថ្មីៗដោយឯករាជ្យម្ចាស់ការរបស់ចិនក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត បានក្លាយជាផលិតផលវៃឆ្លាតដែលរួមចំណែកដល់ការលើកកម្ពស់ទាំងគុណភាព និងកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការធ្វើភាពវៃឆ្លាតភាវូបនីយកម្មក្នុងវិស័យផ្សេងៗ ដូចជាធុរកិច្ចឆ្លងដែន សុខាភិបាល ឧស្សាហកម្មនិងកសិកម្មជាដើម។ ការអភិវឌ្ឍនៃ«ឧស្សាហកម្មនាពេលអនាគត»របស់ចិនបាននិងកំពុងកែប្រែទម្លាប់រស់នៅរបស់មនុស្សយើងនិងរួមចំណែកសំខាន់ចំពោះការធ្វើទំនើបកម្មរបស់ប្រទេសនានា។
បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដំណាក់កាលធ្វើទំនើបកម្មតាមបែបផែនចិន និងឆ្ពោះទៅរកគោលដៅស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញដែលជាមហាដំណើរថ្មី។ ឯគោលដៅចុងក្រោយនៃការធ្វើទំនើបកម្មតាមបែបផែនចិនមិនមែនការធ្វើឱ្យមនុស្សមួយចំនួនមានបាននោះទេ តែគឺធ្វើឱ្យប្រជាជាតិចិនទាំងមូលមានវិបុលភាពរួម ដូច្នេះវាមិនមែនជារឿងដែលសម្រេចបានដោយងាយៗនោះទេ។ គេអាចនិយាយបានថា មហាដំណើរនៃការធ្វើទំនើបកម្មនេះវាមិនខុសពីមហាដំណើរជំនាន់មុននោះទេ ពោលគឺតម្រូវឱ្យប្រកាន់ខ្ជាប់ជំនឿចិត្តដែលរឹងមាំមិនអាចបំបែកបាន និងស្មារតីក្លាហានមោះមុតដែលហ៊ានតស៊ូពុះពារឧបសគ្គដោយឥតងាករេ។ យ៉ាងណាមិញ ស្មារតីនៃមហាដំណើរជំនាន់មុនដែលបានបន្តវេនមកគ្រប់ជំនាន់ វាប្រាកដជានឹងជំរុញឱ្យប្រជាជនចិនទទួលបានជ័យជម្នះក្នុងមហាដំណើរថ្មីជាមិនខាន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន សហការផ្សាយដោយគិរីដងរែក




