26.6 C
Phnom Penh
Saturday, August 29, 2026
- Advertisement -spot_img

ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀតពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុកនៅស្រុកប្រាសាទបល្ល័ង្ក!

- Advertisement -spot_img

(កំពង់ធំ)៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី រ៉េន ស៊ីណាត បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងក្រុមការងារ តំណាងលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានចុះដល់សហគមន៍ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពង្រឹងអំពីសកម្មភាពផលិតម្សៅរំដេង រមៀតពន្លៃ និងខ្ញី របស់ក្រុមស្ត្រីនៅក្នុងសហគមន៍ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគម្រោង “ ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច “ ក្រោមជំនួយគាំទ្រពី SDC និង Ireland តាមរយៈអង្គការ DCA ដែលអនុវត្តដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍ។

ក្នុងអំឡុងពេលចុះជួបសហគមន៍ លោកស្រី រ៉េន ស៊ីណាត និងក្រុមការងារ បានពង្រឹងបន្ថែមពីដំណើរការផលិត ការកែច្នៃ និងសកម្មភាពរបស់ក្រុមស្ត្រីដែលកំពុងប្រើប្រាស់ធនធានកសិកម្មក្នុងមូលដ្ឋាន ដើម្បីបង្កើតជាផលិតផលកែច្នៃសម្រាប់បង្កើនតម្លៃ និងចំណូលគ្រួសារ។

ថ្នាក់ដឹកនាំក្រុមស្ត្រីបានលើកឡើងថា ការកែច្នៃម្សៅរំដេង រមៀតពន្លៃ និងខ្ញី បានផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ សកម្មភាពនេះបានបង្កើតការងារឱ្យសមាជិកក្រុមស្ត្រី និងផ្តល់ឱកាសឱ្យពួកគេអាចរកប្រាក់ចំណូល ដើម្បីចូលរួមទ្រទ្រង់ជីវភាពគ្រួសារ។ការងារ និងប្រាក់ចំណូលនៅក្នុងសហគមន៍ ក៏បានរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។ ស្ត្រីដែលចូលរួមក្នុងក្រុមអាចប្រើប្រាស់ពេលវេលា និងកម្លាំងពលកម្មរបស់ខ្លួនក្នុងសកម្មភាពផលិតកម្មនៅមូលដ្ឋាន ដោយមានលទ្ធភាពរកចំណូលសម្រាប់គ្រួសារ។

ជាមួយគ្នានេះ សមាជិកក្រុមស្ត្រីបានសំណូមពរដល់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងដៃគូនានា បន្តជួយផ្តល់សម្ភារៈដែលចាំបាច់សម្រាប់ការផលិត ព្រមទាំងបច្ចេកទេសបន្ថែមទៀតពាក់ព័ន្ធនឹងការផលិតម្សៅរំដេង រមៀត ពន្លៃ និងខ្ញី ដើម្បីឱ្យក្រុមអាចពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន។

សមាជិកក្រុមក៏បានស្នើសុំការគាំទ្រក្នុងការរៀបចំទីស្នាក់ការរបស់ក្រុមស្ត្រីផងដែរ ព្រោះបច្ចុប្បន្ន ក្រុមស្ត្រីនៅមិនទាន់មានទីស្នាក់ការផ្ទាល់ខ្លួន ហើយត្រូវយកផ្ទះរបស់សមាជិកម្នាក់ធ្វើជាទីស្នាក់ការ សម្រាប់ការជួបប្រជុំ និងការងាររបស់ក្រុម។

សូមបញ្ជាក់ផងដែរថា ការចុះពង្រឹងសមត្ថភាពបន្ថែមរបស់លោកស្រី រ៉េនស៊ីណាត និងក្រុមការងារ គឺដើម្បីអោយក្រុមស្រី្តបង្គើននូវការផលិតដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ និងបញ្ហាប្រឈមរបស់ក្រុមស្ត្រីក្នុងការកែច្នៃផលិតផលកសិកម្មនៅក្នុងសហគមន៍ សំដៅរកការគាំទ្រដែលសមស្របទៅនឹងតម្រូវការរបស់ពួកគេ៕

ដោយសំនៀង គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img