អភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីយប់ថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២២ បានធ្វើការអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ ណា ដែលធ្លាប់ទាក់ទងជាមួយបុរសជនជាតិ នីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ដើម្បី ពិនិត្យសុខភាពជាបន្ទាន់។
លោក ឃួង ស្រេង បានបញ្ជាក់ថា « ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយ បុរសជនជាតិ នីហ្សេរីយ៉ា មានជំងឺអុតស្វា សូមទាក់ទងលេខ ១១៥ របស់ក្រសួងសុខាភិបាល ភ្លាមដើម្បីសហការឲ្យមានការ ពិនិត្យសុខភាពរបស់ខ្លួន»។
គួរបញ្ជាក់ថាបុរសជនជាតិ នីហ្សេរីយ៉ា រូបនេះមានឈ្មោះ អូសម៉ុងហ៊ឺហា ហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ ឆ្នាំ កាន់ ប៉ាសស្ព័រ លេខ A10414328 ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២២ នេះនៅផ្ទះសំណាក់ស្លឹកមាស ម្ដុំ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ា រូបនេះ ត្រូវបានប្រគល់ ជូនមន្ត្រីជំនាញរបស់ ក្រសួងសុខាភិបាលហើយបានបញ្ជូនបុរសមាន ឆ្លងជំងឺ អុតស្វា នេះទៅព្យាបាលនៅពេទ្យរុស្សី។
ដើម្បីការពារការចម្លង នៃវីរុស អុតស្វា ក្រសួងសុខាភិបាល សូមអំពាវនាវអ្នក ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិ នីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាពឬ ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យ ដែលនៅជិតលោកអ្នកឬ ជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លង បន្ត និងដើម្បីចូលរួមកាច់ផ្តាច់ ខ្សែចម្លងវីរុសអុត ស្វា នេះបានទាន់ពេលវេលា។
សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារការចម្លងវីរុស អុតស្វា ដែលក្រសួងបានចេញសេចក្ដីណែនាំជារឿយៗ ជាពិសេសមិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺ អុត ស្វា សត្វព្រៃ និងត្រូវបរិភោគអាហារ ឆ្អិនល្អ ព្រមទាំង អនាម័យខ្លួនប្រាណឲ្យ បានស្អាត ដោយឧស្សាហ៍លាងសម្អាង ដៃជាមួយ សាប៊ូ ឬ អាល់កុល ឬ ជែល និង ស្វែងរកការពិនិត្យព្យាបាល ប្រសិនមានរោគសញ្ញាសង្ស័យ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាពតាម ទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ ក្រសួងសុខាភិបាល៕



ដោយគីរីដងរែក




