26.9 C
Phnom Penh
Saturday, November 14, 2026
- Advertisement -spot_img

អាហារពហុជាតិនៅលើតុបាយជនជាតិចិន៖ ភាគលាភដែលបានពីការបើកទូលាយក្នុងកម្រិតខ្ពស់ 

- Advertisement -spot_img

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា នៅលើតុអាហាររបស់ជនជាតិចិនកើតមានការប្រែប្រួលច្រើន ដោយសារវត្តមាននៃចំណីអាហារនាំចូលពីបរទេសបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺផ្លែឈើស្រស់របស់បរទេស។ តើមូលហេតុអ្វីដែលនាំឱ្យចំណីអាហារ ជាពិសេសប្រភេទផ្លែឈើស្រស់របស់បរទេសកាន់តែច្រើនឡើងៗអាចនាំចូលទីផ្សារចិនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ?ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការនាំចូលចំណីអាហារឬផ្លែឈើស្រស់ពីបរទេសគឺតម្រូវឱ្យប្រទេសនាំចេញបំពេញតាមគោលការណ៍កសិកម្មល្អ លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ផ្លែឈើស្រស់ពិបាកក្នុងការរក្សាទុក ប្រសិនបើរក្សាទុកមិនបានល្អក្នុងដំណើរការដឹកជញ្ជូនផ្លូវឆ្ងាយវាអាចនឹងខូចគុណភាពឬបាត់បង់ភាពស្រស់ ដូច្នេះកាលពីមុន នៅលើតុអាហាររបស់ជនជាតិចិន មិនសូវមានវត្តមានរបស់ផ្លែឈើស្រស់ដែលនាំចូលទេ ហើយទោះបីជាមានក៏មានតម្លៃថ្លៃដែលប្រជាពលរដ្ឋទូទៅមិនសូវទិញមកទទួលទាននោះទេ។យ៉ាងណាមិញ ប្រការដែលប្រភេទផ្លែឈើស្រស់កាន់តែច្រើនឡើងៗបានបង្ហាញវត្តមានក្នុងទីផ្សារចិន ហើយតម្លៃក៏កាន់តែថោកទៅៗ

វាជាផ្លែផ្កានៃគោលនយោបាយបើកទូលាយក្នុងកម្រិតខ្ពស់របស់ចិនចំពោះបរទេស។ ជាបឋម យើងយកអាស៊ានជាឧទាហរណ៍។ ចិននិងអាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នាអស់ពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ស្របនឹង«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP)ត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ផ្លែឈើស្រស់របស់អាស៊ានកាន់តែច្រើនឡើងៗបានចូលទីផ្សារចិនយ៉ាងរលូន។គយនៅតាមតំបន់ព្រំដែនចិន-អាស៊ានរួមមានខេត្តយូណាននិងភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ីបានដាក់ចេញ«សេវាកម្មត្រួតពិនិត្យរហ័ស»សម្រាប់ការនាំចូលផ្លែឈើស្រស់ ដែលបានបង្កើនប្រសិទ្ធភាពនៃការនាំចូលនិងរក្សាភាពស្រស់របស់ផ្លែឈើ។ ស្របនឹងកំណើននៃការនាំចូល ផ្លែឈើស្រស់របស់អាស៊ានមានតម្លៃកាន់តែថោកទៅៗ ដែលកាលពីប៉ុន្មានឆ្នាំមុន ទុរេនមួយគីឡូក្រាមថ្លៃជាង១០០ យាន់ប្រាក់ចិន ឯបច្ចុប្បន្នថ្លៃតែ២០ ឬ៣០ យាន់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដោយទទួលបានផលអនុគ្រោះពីគោលនយោបាយពាក់ព័ន្ធ ផ្លែឈើស្រស់របស់កម្ពុជាមានដូចជាចេក ស្វាយ មៀន ​ដូងនិងទុរេនត្រូវបានអនុញ្ញាតឱ្យនាំចូលទីផ្សារចិនជាបន្តបន្ទាប់ ដែលនាំឱ្យអ្នកប្រើប្រាស់ចិនមានជម្រើសកាន់តែច្រើន និងបានភ្លក់រសជាតិផ្លែឈើស្រស់របស់កម្ពុជាបានគ្រប់ពេលវេលា។យើងក្រឡេកទៅមើលពីប្រទេសស៊ីលីដែលមានចម្ងាយពីប្រទេសចិនប្រហែល២ ម៉ឺនគីឡូម៉ែត្រវិញម្តង។ ប្រទេសស៊ីលីមានឈ្មោះបោះសំឡេងក្នុងចំណោមប្រជាជនចិនដោយសារជាប្រភពនៃផ្លែឈើរីដ៏ឆ្ងាញ់ ហើយកាលពីមុនផ្លែឈើរីរបស់ប្រទេសស៊ីលីជា«ផ្លែឈើអភិជន»សម្រាប់ប្រជាជនចិន ដែលមានន័យថាជាផ្លែឈើមិនសូវសម្បូរនៅក្នុងស្រុកនិងមានតម្លៃថ្លៃ។

ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ន អ្នកប្រើប្រាស់ចិនបានប្រើពាក្យថា«សេរីភាពផ្លែឈើរី»ដែលមានន័យថា ផ្លែឈើរីសម្បូរហើយមានតម្លៃថោកសមរម្យទៀត ដែលអាចបរិភោគដោយសេរីតាមតែចិត្តចង់។ភាពខុសប្លែកគ្នាខ្លាំងរវាងអាកប្បកិរិយាអ្នកប្រើប្រាស់ចិនចំពោះការបរិភោគផ្លែឈើរីកាលពីមុននិងពេលឥឡូវវាមិនមែនជារឿងចៃដន្យអ្វីទេ តែជាការមានអំណោយផលពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»និងការបង្កើតអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ជំរុញការតភ្ជាប់គ្នា ធ្វើឱ្យមធ្យោបាយដឹកជញ្ជូនកាន់តែងាយស្រួលនិងឆាប់រហ័ស ឯអង្គការ APEC ជំរុញការកាត់បន្ថយពន្ធគយទៅវិញទៅមក។ តាមទិន្នន័យស្ថិតិ ពន្ធគយជាមធ្យមរវាងប្រទេសក្នុងតំបន់ APEC ត្រូវបានកាត់បន្ថយពីចំនួន១៦.៩% កាលពីឆ្នាំ១៩៨៩ មកនៅត្រឹមតែ៥.១% ក្នុងឆ្នាំ២០២៤ ហើយអនុបាតពន្ធគយសូន្យភាគរយបានកើនពីចំនួន២៧.៣% កាលពីឆ្នាំ១៩៨៩ ដល់ចំនួន៤៨.៩% នៅឆ្នាំ២០២៤។

 «ការតភ្ជាប់គ្នា+ការអនុគ្រោះពន្ធ+គោលនយោបាយអាទិភាពសម្រាប់ការត្រួតពិនិត្យការនាំចូលផ្លែឈើស្រស់របស់ចិន» បានធ្វើឱ្យការនាំចូលផ្លែឈើរីពីប្រទេសស៊ីលី គិតចាប់ពីការដឹកជញ្ជូនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់ចូលទីផ្សារចិនចំណាយពេលត្រឹមតែ៣ ថ្ងៃតែប៉ុណ្ណោះ ហើយមានតម្លៃថោកសមរម្យដែលអ្នកប្រើប្រាស់ទូទៅសុទ្ធតែមានលទ្ធភាពទិញមកបរិភោគបាន។បម្រែបម្រួលនិងភាពកាន់តែសម្បូរបែបនៃចំណីអាហារនៅលើតុអាហាររបស់ជនជាតិចិន វាមិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីការប្រែប្រួលនៃជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការបើកចំហកាន់តែធំទូលាយនិងមានកម្រិតកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិនផងដែរ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ទ្វារបើកទូលាយរបស់ចិននឹងមិនបិទជារៀងរហូត ហើយនឹងកាន់តែបើកកាន់តែធំទូលាយ»។ ការពិតជាក់ស្តែងក៏បានបង្ហាញយ៉ាងប្រចក្សថា ការបើកទូលាយរបស់ចិនមិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ប្រទេសនានាផងដែរ ដែលជាការរំលេចពីអត្ថន័យគន្លឹះនៃការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img