(រតនគិរី)៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនដែលនាំឱកាសការងារមកដល់មូលដ្ឋាននេះ គឺមានតម្រូវការការងារយ៉ាងច្រើន ទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ដូច្នេះសូមបងប្អូនអតីតពលករ និងប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះចាប់យកឱកាសការងារដែលខ្លួនពេញចិត្តឱ្យបាន។ ការងារក្នុងស្រុក ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ឯកឧត្តមបានបន្តថា ចំពោះប្រជាពលរដ្ឋដែលចង់រៀនជំនាញវិជ្ជាជីវៈអាចចុះឈ្មោះចូលរៀនជាមួយកម្មវិធី TVET 1.5M ដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ដើម្បីកសាងជំនាញពិតប្រាកដ និងប្រើប្រាស់ជាទុនសម្រាប់ជំរុញជីវភាពគ្រួសារឱ្យកាន់តែរីកលូតលាស់ទៅមុខ។ ដោយឡែក ប្រសិនប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ ក៏សូមជ្រើសរើសក្រុមហ៊ុនស្របច្បាប់ ដើម្បីទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្តពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ដើម្បីជួយគ្នាឱ្យទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ។ ប្រសិនបើបងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម គឺអាចទាក់ទងមកលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស. ផងដែរ។
សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA (ខេត្តរតនគិរី), រោងចក្រ ស៊ិនគី អឹភែរឹល(ខេមបូឌា) ឯ.ក, ក្រុមហ៊ុន ស៊ីត្រា ស៊ូភើម៉ាឃីត ឯ.ក និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលមានតម្រូវការការងារសរុបជាង២ពាន់កន្លែង៕














ដោយគិរីដងរែក




