27.4 C
Phnom Penh
Friday, October 23, 2026
- Advertisement -spot_img

ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ ៖  ស្មារតីតស៊ូរបស់ចិន​ក្នុងការកសាងអនាគត និង ជំរុញការអភិវឌ្ឍសកល

- Advertisement -spot_img

មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ​ ​និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម​ ។ នៅឆ្នាំ២០២៦ ​ ក្នុង​​ ​ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើ​រ​ ការរំលឹក​ប្រវត្តិសាស្ត្រនេះមិនត្រឹម​តែ​ជាការឈ្វេងយល់អំពី​អតីតកាលប៉ុណ្ណោះទេ ​ថែ​ម​ទាំង​ជាការពិចារណា​អំពី​ប្រភព​កម្លាំងចិត្ត​ដែលជំរុញ​ប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត​។ មហាដំណើរគឺជាឫសគល់​នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការ​លើវាសនា​ប្រទេ​សជាតិ ហើយស្មារតីមហា​ដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន ។  ​ស្មារតី​នេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់   និងការបើកទូលាយ  ​ការកសាងហេដ្ឋា​រចនា​​​សម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម និងការលើកកម្ពស់ជីវភាព​ប្រជាជនចិន។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសសម្រេចគោលដៅខួប១០០ឆ្នាំលើកទី១ គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការលុបបំបាត់ភាពក្រីក្រដាច់ខាត​តាមស្តង់ដារ​ជាតិរបស់ខ្លួន។ សមិទ្ធផលនេះបានបង្កើត​មូលដ្ឋានសម្រាប់ប្រទេសចិនបន្តបោះជំហានយ៉ាងស្វាហាប់ នៅក្នុង​មហាដំណើរថ្មី​របស់ខ្លួនឆ្ពោះទៅ​គោលដៅ​ខួប១០០ឆ្នាំលើកទី២ ដែលជាការកសាងប្រទេសសង្គមនិយមទំនើបដ៏រឹងមាំ និងមានវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ទី២១។ កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតបច្ចេកវិទ្យា
គឺជាកម្លាំងចលករសំខាន់សម្រាប់ការសម្រេច​ចក្ខុវិស័យនេះ​។ ជាទឡ្ហីករណ៍ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥% ដោយផលិតផលក្នុងស្រុកសរុបមានទំហំប្រមាណ ១៤០,១៩ទ្រីលានយាន់។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មដ៏ទូលំទូលាយ និងការបន្តអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុងដំណាក់កាលបន្ទាប់ ចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មទំនើប ការលើកកម្ពស់ផលិតភាព និងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលប្រាំឆ្នាំទី១៥ (២០២៦-២០៣០)។ ទិសដៅទាំងនេះ​បង្ហាញថា ស្មារតីតស៊ូពីអតីតកាល​កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ និងការច្នៃប្រឌិត ដើម្បីកសាងអនាគតកាន់តែប្រសើរតាមមាគ៌ាដ៏ប្រពៃនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

ក្នុងទស្សនៈអភិវឌ្ឍសកល បទពិសោធរបស់ចិនផ្តល់​នូវចំណុចសិក្សាសំខាន់ៗ​ពីមហា​ដំណើរដែលមានវ័យ៩០ឆ្នាំមកនេះ ដូចជាការកំណត់គោលដៅរយៈពេលវែង​ ការផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការលើកកម្ពស់ជីវភាពប្រជាជន ការវិនិយោគ​លើធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់បណ្តាប្រទេសនានា បទពិសោធ​ទាំងនេះអាចជាមូលដ្ឋានសម្រាប់សិក្សា និងកែសម្រួលទៅតាម​លក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិរៀងៗខ្លួន។ កិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យអប់រំ កសិកម្ម​ ឧស្សាហកម្ម​ បច្ចេកវិទ្យា និងការតភ្ជាប់សេដ្ឋកិច្ច បណ្តាប្រទេសនានាអាចបង្កើតឱកាសថ្មីសម្រាប់ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនតម្លៃផលិតផល និងការពង្រីកទីផ្សារ។ ការអភិវឌ្ឍរបស់ប្រទេសមួយអាចបង្កើតអត្ថប្រយោជន៍កាន់តែទូលំទូលាយ នៅពេលដែលវាត្រូវបានភ្ជាប់​ជាមួយកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍​រួម។

ជារួម ពីមហាដំណើ​រ​ទៅកាន់មហាចក្ខុវិស័យ គឺជាដំណើរនៃការបន្តស្មារតីតស៊ូ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការកសាងអនាគត ។ ការសម្រេច​បានគោលដៅខួប១០០ឆ្នាំលើកទី១ និងការបន្តជំរុញកំណើនសេដ្ឋកិច្ច បានបង្កើតមូលដ្ឋានសម្រាប់ការឈានទៅរកគោលដៅខួប១០០ឆ្នាំលើកទី២នៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។ មេរៀនសំខាន់ គឺការអភិវឌ្ឍត្រូវការចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាព ការច្នៃប្រឌិត និងការយកចិត្តទុកដាក់ចំពោះប្រជាជន។ តាមរយៈការបន្តអភិវឌ្ឍប្រកបដោយគុណភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិនអាចបន្តរួមចំណែកដល់ការអភិវឌ្ឍ សកល និងការកសាងអនាគតប្រកបដោយវិបុលភាព និងចីរភាពសម្រាប់មនុស្សជាតិក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img