កំពង់ធំះ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីជីវភាពរស់នៅ និងសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានជីវភាពលំបាកខ្វះខាត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេល ៥ យប់ ៥ ថ្ងៃ កន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា ធ្វើឲ្យផ្ទះចំនួន ៣៥ខ្នង លើចំនួនផ្ទះ ២៤១ខ្នងផ្ទះ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ដែលជាអំណោយរបស់សម្តេចតេជោ ធិបតី ត្រូវបានលិចលង់ និងរងផលប៉ះពាល់ដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៣៥គ្រួសារនេះ មិនអាចទៅប្រកបមុខរបររកទទួលទានបាន។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់ទាំង ៣៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡួក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអុីវចំនួន ២យួរ និងត្រីខកំប៉ុងចំនួន ១យួរ ដោយឡែកក្រុមប្រចាំការនៅទីស្នាក់ការមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ទទួលបាន អង្ករចំនួន ២០០ គីឡូក្រាម ត្រីខកំប៉ុងចំនួន ២០ យួរ និងទឹកត្រី ទឹកស៊ីអ៊ីវចំនួន៦ សម្រាប់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជនផ្សេងទៀត ដែលមានជីវភាពលំបាកខ្វះខាតផងដែរ ។ និងបានបន្តសិក្សាស្វែងយល់បន្ថែម អំពីវិធានការណ៍កាយរំដោះទឹកចេញឲ្យបានឆាប់រហ័ស ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ការរស់នៅរបស់ពួកគាត់ និងជៀសវាងការខូចខាតផលដំណាំផ្សេងៗរបស់គាត់ ។
ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៣៥គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕









ដោយសំនៀង




