អំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីថ្ងៃទី ៧ ឧសភា ស្ថិតនៅ ភូមិ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ នៅថ្ងៃទី ៨ ឧសភា សមត្ថកិច្ចបានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះ ឈ្មោះ ឃាង វណ្ណា អាយុ ៥៥ ឆ្នាំ ភេទ ប្រុស ជាអ្នកឃ្វាលក្របី។ ឃាតករមានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ ៤២ ឆ្នាំ ភេទ ប្រុស មាន ឋានន្តរស័ក្តិ វរសេនីយ៍ទោ ជា នាយរង ការិយាល័យ កិច្ចការ ផ្ទៃក្នុង ក្រសួង មហាផ្ទៃ។
លោកវរសេនីយ៍ឯក អ៊ឹម សុភារ៉ា អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការបាញ់ប្រហារនេះបានកើតឡើងដោយសារតែក្របីរបស់ជនរងគ្រោះបានចូលស៊ីស្មៅនៅក្នុងដីរបស់នគរបាល។ ស្ថានការណ៍ កាន់តែ តានតឹង រហូត ឈាន ដល់ ការ បាញ់ សម្លាប់ អ្នក ឃ្វាលគោ មួយ គ្រាប់ ចំ កំភួនជើង ខាងឆ្វេង ។
សមត្ថកិច្ចបានបន្តថាក្រោយបាញ់ជនរងគ្រោះ ឃាតករ ទឹមច័ន្ទពិសី បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ភ្លាមៗនោះ អ្នកជិតខាង និងសមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់មណ្ឌលសុខភាពអូរបីជាន់ ដើម្បីព្យាបាល មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។
កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ត ស្រុក និងឃុំ បាន និងកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕
ដោយគីរីដងរែក