កំពង់ធំះ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបេីកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការប្រុងប្រៀបដំណើរការនៃការអនុវត្តតាមអនុក្រឹត្យលេខ ១៧៦ អនក្របក ស្តីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល និងនីតិវិធីនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលត្រូវដំណើរការអនុវត្តនៅចុងឆ្នាំ២០២៦នេះ ដែលកិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ព្រមទាំងឧត្តមសេនីយ៍ត្រី ដួង សុភឿន និងឧត្តមសេនីយ៍ត្រី អឿន ភារ៉ា តំណាងក្រុមការងាររបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។
លោកវរសេនីយ៍ទោ ឱក សារ៉ន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានឡេីងអានសេចក្ដីសម្រេច ស្តីពីការប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ សហការជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដេីម្បីអនុវត្តន៍ភារកិច្ច ស្តីពីកាតព្វកិច្ចយោធា ដែលចែងក្នុងច្បាប់ និងអនុក្រឹត្យលេខ១៧៦/២០២៦ អនក្របក ស្តីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល តាមភារកិច្ចរៀងៗខ្លួន ដើម្បីសម្រេចភារកិច្ច និងទទួលបានជោគជ័យ ។
ឧត្ដមសេនីយ៍ត្រី ដួង សុភឿន ក្នងនាមក្រុមការងាររបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងក្រុមការងាររបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានឡើងណែនាំអំពីភារកិច្ចមួយចំនួន ដែលត្រូវដំណើរការអនុវត្តជាបន្ទាន់ តាមបណ្ដាជំនាញនីមួយៗ ក្នុងការពិនិត្យរចនាសម្ព័ន្ធចាត់តាំង និងទីតាំងដែលត្រូវបំពេញភារកិច្ចក្នុងការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្ដមឧត្ដមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រុងប្រៀបរួចរាល់តាមបទបញ្ជា កែសម្រួលរចនាសម្ព័ន្ធចាត់តាំង ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹងប្រៀបការពារជាតិ តាមបរិបទថ្មីនៃពិភពលោក និងបានរៀបចំក្រុមការងារមួយចំនួនទៀត ដើម្បីអនុវត្តឲ្យបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ៕




ដោយសំនៀង




