កំពង់ធំះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក សំណេះសំណាល សួរសុខទុក្ខនិងសារលើកទឹកចិត្តពីសំណាក់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋចាស់ជរា និងគ្រួសារដែលកំពុងជួបការខ្វះខាត សរុបចំនួន៧៥គ្រួសារ នៅក្នុងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខនេះ មានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងគ្រួសារដែលត្រូវការការគាំពារ និងលើកទឹកចិត្តពីសង្គម។ តាមរយៈសកម្មភាពនេះ ប្រជាពលរដ្ឋបានទទួលនូវភាពកក់ក្តៅ និងការលើកទឹកចិត្តថា ពួកគាត់មិនត្រូវបានមើលរំលងឡើយ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង៧៥គ្រួសារ មានចំនួន ៤៨គ្រួសារ រស់នៅភូមិក្រយាជើង ឃុំក្រយា និងចំនួន ២៧គ្រួសារ រស់នៅភូមិត្រពាំងព្រីង ឃុំសាគ្រាម។ លោកអភិបាលស្រុក និងក្រុមការងារ បានចុះជួបដោយផ្ទាល់ ដើម្បីស្តាប់ពីស្ថានភាពរស់នៅបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ។
ក្នុងឱកាសនោះលោក គង់ សំអាត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានសុខភាពល្អ សុវត្ថិភាព និងមានភាពរឹងមាំក្នុងការប្រកបរបរចិញ្ចឹមជីវិត។ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តថែរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋដែលបានទទួលការសាកសួរសុខទុក្ខ បានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ ដែលបានចំណាយពេលវេលាចុះជួបសួរសុខទុក្ខដោយផ្ទាល់។ ពួកគាត់បានចាត់ទុកថា ការចុះជួបនេះមិនត្រឹមតែជាការផ្តល់កម្លាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។សកម្មភាពនេះបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះក្រុមដែលងាយរងគ្រោះ និងកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ការសាកសួរសុខទុក្ខ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ បានរួមចំណែកសម្រាលការលំបាកផ្លូវចិត្ត ផ្តល់ភាពកក់ក្តៅ និងជំរុញឱ្យប្រជាពលរដ្ឋមានកម្លាំងចិត្តបន្តប្រឈមមុខនឹងបញ្ហានានា។
ជាមួយគ្នានេះការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ក៏ជាឱកាសសម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលជំនួយ ឬការគាំពារដែលសមស្របទៅតាមតម្រូវការរបស់គ្រួសារនីមួយៗ។ សកម្មភាពបែបនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍមូលដ្ឋាន។ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋចាស់ជរា និងគ្រួសារខ្វះខាត គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលមានសាមគ្គីភាព មនុស្សធម៌ និងការចែករំលែក។ តាមរយៈការចុះសាកសួរសុខទុក្ខ និងការផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ អាជ្ញាធរ និងក្រុមការងារ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕






ដោយសំនៀង គិរីដងរែក




