28.8 C
Phnom Penh
Tuesday, August 25, 2026
- Advertisement -spot_img

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam

- Advertisement -spot_img

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០រូប ដឹកនាំដោយលោកខ្វែង ភារម្យប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមប្រកួតប្រជែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារង់ចាំជានិច្ចនូវវត្តមានវិលត្រឡប់របស់និស្សិតគ្រប់រូប ព្រមទាំងចំណេះជំនាញដើម្បីអភិវឌ្ឍប្រទេស។


ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តមផ្ទាល់ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ពស់ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលជាឱកាសមាសសម្រាប់និស្សិតក្នុងការក្រសោបយកចំណេះដឹង និងជំនាញទំនើបៗ យកមកកសាង និងអភិវឌ្ឍប្រទេសជាតិវិញនាពេលអនាគត។


ក្នុងនាមជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសរុស្ស៊ីក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីពីការរស់នៅ និងការសិក្សា ដើម្បីជាគន្លឹះ និងការត្រៀមខ្លួនទុកជាមុនដល់និស្សិតកម្ពុជា មុនពេលចេញទៅបន្តការសិក្សានៅទីនោះ។ឯកឧត្តមទេសរដ្ឋមន្ត្រី៖ « ខ្ញុំសូមលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំរៀនសូត្រទាំងភាសារុស្ស៊ី និងមុខវិជ្ជាឯកទេស ដោយត្រូវមានភាពអត់ធ្មត់ និងឆន្ទៈមោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ លើសពីនេះ ក្នុងនាមជាយុវជនទូតវប្បធម៌កម្ពុជា និស្សិតយើងត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាពរីកចម្រើនរបស់ប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ រួមទាំងត្រូវរក្សាសេចក្តីថ្លៃថ្នូរ វិន័យសីលធម៌ សាមគ្គីភាពជិតស្និទ្ធជាមួយនិស្សិតខ្មែរដូចគ្នា និងកសាងទំនាក់ទំនងល្អជាមួយប្រជាជនរុស្ស៊ី ព្រមទាំងត្រូវគោរពច្បាប់នៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងកិត្តិយសជាតិ»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាប និងលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះជនពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) តាមរយៈការបង្កើតគណៈកម្មាការចំពោះកិច្ច (គ.ប.ឆ.ប) ការតាក់តែងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការពង្រឹងកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ (https://ccos.gov.kh/km/) ។ សន្និសីទនេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាការគំរាមកំហែងជាសកល។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមសន្តិបណ្ឌិត បានប្រាប់ដល់ក្រុមនិស្សិតថា កម្ពុជានៅតែរក្សាជំហរដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោល ខណៈដែលសហគមន៍អន្តរជាតិភាគច្រើន បាននឹងកំពុងមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាស្រាប់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img