កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មមួយចំនួនក្នុងខេត្តផងដែរ។

ទន្ទឹមនឹងការផ្សព្វផ្សាយនេះ សិក្ខាសាលាក៏បានវាយតម្លៃការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេស នារយៈពេលកន្លងមក និងពិភាក្សារិះរកយុទ្ធវិធីថ្មីៗផងដែរ សំដៅបង្កើនប្រសិទ្ធភាពការអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀតជូនរាជរដ្ឋាភិបាល និងផ្តល់អត្ថប្រយោជន៍ជាអតិបរិមាដល់កសិករដាំដំណាំស្រូវ។ ជារួម អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍នាពេលកន្លងមកដែលប្រើប្រាស់កញ្ចប់ឥណទានពិសេសចំនួន ១០០លានដុល្លារ ជាមួយអត្រាការប្រាក់ទាបនេះ ថាពិតជាបានជួយដល់រោងម៉ាស៊ីនកិនស្រូវក្នុងការបង្កើនសមត្ថភាពទិញស្រូវពីបងប្អូនកសិករឱ្យកាន់តែច្រើនថែមទៀត បន្ថែមពីលើទុនបង្វិលដែលមាន ជាពិសេសនៅរដូវសម្រុកប្រមូលផល ដែលជួយឱ្យមានរំហូរនៃការចុះទិញស្រូវដល់គ្រប់ទិសទី និងជួយមិនឱ្យឈ្មួញទិញស្រូវបង្អាប់តម្លៃស្រូវបានដោយងាយ រួមទាំងឈ្មួញប្រទេសជិតខាងផង ដែលជាកត្តាជួយរក្សាលំនឹងថ្លៃស្រូវបានមួយចំណែកធំ ជាប្រយោជន៍ដល់ប្រជាកសិករ។
លើសពីនេះ រោងម៉ាស៊ីនខ្លះបានប្រើប្រាស់កម្ចីថវិកាពិសេសនេះ ដើម្បីទិញស្រូវពីកសិករដល់ទីតាំងដែលមិនសូវមានអ្នកចុះទិញ និងជួយទិញស្រូវក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារបានមួយចំនួនផងដែរ ដែលជួយដោះស្រាយបញ្ហាទីផ្សារ និងបង្កើនប្រាក់ចំណេញ ក៏ដូចជាលើកទឹកចិត្តដល់កសិករក្នុងការបន្តការដាំដុះដំណាំស្រូវ រួមចំណែកដល់ការធានាសន្តិសុខស្បៀង គាំទ្រការនាំចេញអង្ករកម្ពុជា និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត តាមរយៈការបង្កើនសមត្ថភាពទិញស្រូវនេះ រោងម៉ាស៊ីនក៏បានបង្កើតការងារ និងបង្កើនការផលិតអនុផលមួយចំនួនដូចជា អង្កាម កន្ទក់ និងចុងអង្ករ ដែលជួយគាំទ្រដល់អនុវិស័យចិញ្ចឹមសត្វក្នុងស្រុកបានកាន់តែល្អប្រសើរ និងកាត់បន្ថយការនាំចូលបានមួយកម្រិតថែមទៀតផង។ ម្ចាស់រោងម៉ាស៊ីនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កើតឱ្យមានកញ្ចប់ឥណទានពិសេសនេះ ដើម្បីជួយអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ និងសំណូមពរឱ្យមានកិច្ចអន្តរាគមន៍នៅរដូវសម្រុកប្រមូលផលស្រូវនាពេលខាងមុខជាបន្តទៀត។
ក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះតាមរោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យសមត្ថភាពប្រមូលទិញ និងស្តុកស្រូវ ពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងថ្លែងអំណរគុណ និងលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យបន្តជួយទិញស្រូវក្នុងតម្លៃកាន់តែល្អប្រសើរជួយដល់បងប្អូនប្រជាកសិករដាំដុះស្រូវ៕













ដោយគិរីដងរែក




