ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) គ្រោងបង្កើត «មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង» និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធសេវាសាធារណៈតាមអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យធានារ៉ាប់រង ពង្រឹងគុណភាពទិន្នន័យ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីផ្សារធានារ៉ាប់រងកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុង «វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៦» ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ក្រោមសហអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា: “វេទិកាបានសម្រេចឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា សិក្សា និងរៀបចំបង្កើតមជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រងឱ្យបានឆាប់ ដើម្បីគ្រប់គ្រង រក្សាទុក និងចែករំលែកទិន្នន័យធានារ៉ាប់រងដល់ប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធ”។ និយ័តករបានបញ្ជាក់ថា: “មជ្ឈមណ្ឌលនេះ នឹងជួយបង្កើតមូលដ្ឋានទិន្នន័យដែលមានគុណភាព និងភាពរឹងមាំ សម្រាប់ការអភិវឌ្ឍផលិតផលធានារ៉ាប់រងថ្មីៗ ឱ្យមានគុណភាព និងតម្លៃសមរម្យ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទីផ្សារធានារ៉ាប់រងកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់”។ ជាមួយគ្នានេះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនូវប្រព័ន្ធ E-Service for Businessចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដើម្បីផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកដល់ប្រតិបត្តិករធានារ៉ាប់រង និងធ្វើឱ្យដំណើរការគ្រប់គ្រង និងផ្តល់សេវាកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួល។

ក្រៅពីវិធានការធ្វើឌីជីថល វេទិកាក៏បានឯកភាពឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំគោលការណ៍ណែនាំស្តីពីស្តង់ដារកិច្ចព្រមព្រៀងរវាងអន្តរការីធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយកំណត់ឱ្យមានភាពច្បាស់លាស់លើកម្រៃជើងសា និងកម្រៃផ្សេងៗ ដើម្បីបង្កើនតម្លាភាពក្នុងការធ្វើអាជីវកម្ម។
វេទិកាក៏បានសម្រេចពង្រីកវិសាលភាពនៃការចូលរួមពីឆ្នាំ២០២៧ តទៅ ដោយបន្ថែមតំណាងអតិថិជនធានារ៉ាប់រងចូលរួមក្នុងវេទិកា ដែលនឹងប្តូរឈ្មោះទៅជា «វេទិកានិយ័តករ អគ្គនាយក និងអតិថិជនធានារ៉ាប់រង»ដើម្បីធានាថា សំឡេង និងកង្វល់របស់អ្នកប្រើប្រាស់សេវា ត្រូវបានយកមកពិចារណាក្នុងការអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិនានា។

លើសពីនេះ ប្រតិបត្តិករធានារ៉ាប់រងទាំងអស់ ត្រូវបានជំរុញឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ជាប្រចាំជូននិយ័តករ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់គុណភាព និងភាពត្រឹមត្រូវនៃទិន្នន័យទីផ្សារធានារ៉ាប់រង។ និយ័តករធានារ៉ាប់រងកម្ពុជា បានអះអាងថា វិធានការដែលបានសម្រេចក្នុងវេទិកាឆ្នាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មវិស័យធានារ៉ាប់រង ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការរបស់ទីផ្សារ ខណៈដែលកម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យក្លាយជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលមានភាពរឹងមាំ បរិយាបន្ន និងអាចប្រកួតប្រជែងបានក្នុងកម្រិតតំបន់។











ដោយគិរីដងរែក




