(ភ្នំពេញ) ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក Xu Yunguo លេខាបក្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ នៃខេត្តសានដុង ប្រទេសចិន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាលាជាតិវិចិត្រសិល្បៈ ដើម្បីឈ្វេងយល់អំពីការបណ្តុះបណ្តាលជំនាញវប្បធម៌ ការអភិរក្សសិល្បៈបុរាណ និងការអភិវឌ្ឍធនធានមនុស្សផ្នែកវប្បធម៌នៅកម្ពុជា។

ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការបន្តមរតកសិល្បៈខ្មែរដល់យុវជនជំនាន់ក្រោយផងដែរ។ លោកក៏បានបញ្ជាក់ថា សិស្សជាច្រើនក្រោយបញ្ចប់ការសិក្សានៅសាលាជាតិវិចិត្រសិល្បៈ បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញឱ្យកាន់តែខ្ពស់ និងចូលរួមបម្រើវិស័យវប្បធម៌ជាតិ។

ការធ្វើបទបង្ហាញនេះ គឺជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោក សាន ផល្លា សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានលើកឡើងអំពីជំនាញសំខាន់ៗទាំង៥របស់សាកលវិទ្យាល័យ ក្នុងជំនួបពិភាក្សាជាមួយលោក Xu Yunguo កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ជំនាញទាំងនោះបានឆ្លុះបញ្ចាំងពីតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការផលិតធនធានមនុស្សជំនាញផ្នែកសិល្បៈ វប្បធម៌ ស្ថាបត្យកម្ម បុរាណវិទ្យា និងការអភិរក្សបេតិកភណ្ឌ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យវប្បធម៌របស់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះ លោកសាកលវិទ្យាធិការរង ក៏បាននាំគណៈប្រតិភូទស្សនាស្នាដៃសិល្បៈ និងការងារស្រាវជ្រាវរបស់និស្សិត ដែលបានបង្ហាញពីសមត្ថភាព ច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជាក្នុងការរួមចំណែកថែរក្សាវប្បធម៌ជាតិ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបថា មូលធនមនុស្សដែលត្រូវបានបណ្តុះបណ្តាលពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្របេសកកម្មការងាររបស់សារមន្ទីរជាតិ ជាពិសេសលើការអភិរក្ស ជួសជុល និងថែរក្សាវត្ថុបុរាណដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។

ការរំលេចនេះ ក៏ស្របទៅនឹងការបញ្ជាក់របស់លោកស្រី ចាប សុធារ៉ា អនុប្រធាននាយកដ្ឋានសារមន្ទីរជាតិ តំណាងលោកប្រធាននាយកដ្ឋានសារមន្ទីរជាតិ ដែលបានធ្វើបទបង្ហាញអំពីសកម្មភាពរោងជាងទាំង៥ របស់សារមន្ទីរជាតិ ដែលកំពុងបំពេញការងារជួសជុល ថែរក្សា និងអភិរក្សសមុច្ច័យដែលទទួលបានពីប្រភពនានា។ ការងារទាំងនេះ ត្រូវការទាំងចំណេះដឹងជំនាញ បច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា បេតិកភណ្ឌវប្បធម៌របស់កម្ពុជា នឹងត្រូវបានថែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
គណៈប្រតិភូសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ក៏បានអញ្ជើញទស្សនាសារមន្ទីរជាតិ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងអំពីការអភិរក្សវប្បធម៌រវាងកម្ពុជា និងចិន។
តាមរយៈបទបង្ហាញ ការចែករំលែកបទពិសោធន៍ និងការជម្រាបជូនពីសំណាក់សាលាជាតិវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិ និងអាជ្ញាធរអប្សរា បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការកសាងធនធានមនុស្សផ្នែកវប្បធម៌ និងការអភិរក្សបេតិកភណ្ឌជាតិប្រកបដោយចីរភាព។ សកម្មភាពទាំងនេះ ក៏ជាការបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការអប់រំរវាងកម្ពុជា និងចិនផងដែរ។
ជាពិសេស សកម្មភាព និងកិច្ចពិភាក្សាទាំងនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តាមរយៈជំនួបពិភាក្សារវាងភាគីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ និងការអភិរក្សវប្បធម៌ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕





ដោយគិរីដងរែក




