ឯម សុធី គឺជាកីឡាករដ៏មានកេរ្ដិ៍ឈ្មោះមួយរូបក្នុងស្រទាប់អ្នកទស្សនាគុនខ្មែរ និងកំពុងក្រសោបទីផ្សារឥតដាច់នាពេលបច្ចុប្បន្ន។ យ៉ាងណា អាជីពលើសង្វៀនមួយនេះមិនមែនកើតឡើងដោយងាយស្រួលឡើយ។
ដើម្បីបំពេញក្ដីស្រមៃជាអ្នកវាយគុនខ្មែរ កីឡាករមានប្រភពពីខេត្តកំពង់ចាមបានចុះចោលគ្រួសារ លាក់ដំណឹងសូន្យឈឹងកាលឆ្នាំ២០១២ និងពនេចរដល់ខេត្តបាត់ដំបង ហើយបានជួបអតីតអ្នកប្រដាល់ យុគ យក្សគីល។ សុធី បានសំងំហ្វឹកហាត់អស់រយៈពេលជាង២ឆ្នាំទើបបានលេចមុខលើសង្វៀន។
សុធី បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មុនបង្ហាញខ្លួនសង្វៀននេះ គេត្រូវបានឪពុកម្ដាយរបស់គេប៉ាន់ស្មានថា ទំនងជាបាត់បង់ជីវិតទៅហើយ។ ផ្ទុយទៅវិញ ក្រុមគ្រួសារបានដឹងពីវត្តមានរបស់កីឡាកររហស្សនាមមនុស្សយន្ដ តាមរយៈទូរទស្សន៍។
ការចាប់អាជីពគុនខ្មែរបានផ្ដល់ផ្លែផ្កាយ៉ាងគាប់ចិត្តដល់ឯម សុធី ដោយច្បាមបានទាំងប្រាក់ចំណូលយ៉ាងច្រើន និងកេរ្ដិ៍ឈ្មោះគួរកត់សម្គាល់ដែលអាចជួយជីវភាពរបស់ខ្លួន និងគ្រួសារ។
ឯម សុធី ធ្លាប់ហ្វឹកហាត់នៅក្លិបរបស់អតីតគ្រូបង្វឹកឯម ច័ន្ទសុផល ជាច្រើនឆ្នាំ។ បច្ចុប្បន្នរូបគេក៏កំពុងហ្វឹកហាត់នៅក្លិបចលនាយុវជនក១៥៧របស់លោក ពេជ្រ សុផាន់ ផងដែរ៕
ដោយគីរីដងរែក