ភ្នំពេញ៖ក្រោយលេចរឿងមិនប្រក្រតីជាច្រើននោះអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានធ្វើលិខិតមួយច្បាប់គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ «សំណើសុំគោលការណ៍ផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)» ។
ចំពោះលិខិតស្នើសុំគោលការណ៍ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ នាពេលនេះ គឺ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ សម្តេចក្រឡាហោម ស ខេង បានចារ «ឯកភាព» រួចហើយ ។
យោងតាមលិខិត ដែលទើបទទួលបាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ បានរៀបរាប់ថា អគ្គាធិការដ្ឋាន បានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម លើលិខិតចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីសំណើសុំគោលការណ៍អង្កេតស្រាវជ្រាវករណីភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ។
ដូច្នេះដើម្បីឲ្យតម្លាភាព សមភាពនិងទប់ស្កាត់សកម្មភាពថ្មីទៀតដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសងខាងបានត្រឹមត្រូវនិងដោយគ្មានការគាបសង្កត់ណាមួយពីភាគីទាំងពីរ , អគារធិការដ្ឋាន សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ដើម្បីផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា មួយរយៈរហូតការអង្កេតស្រាវជ្រាវត្រូវបញ្ចប់ ។
នៅពេលនេះ សម្ដេចក្រឡាហោម ស ខេង បានចាររួចរាល់ហើយ គឺ «ឯកភាព» ចំពោះសំណើរបស់អគ្គាធិការដ្ឋាន សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ។
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបប្រាប់ថា លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានលេចនូវភាពមិនប្រក្រត្រីជាច្រើនចំពោះការចុះបង្ក្រាបផលិតផលក្លែងក្លាយ កន្លងមក រហូតធ្វើអោយក្រុមអ្នករកស៊ី បានប្តឹង លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ទៅក្រសួងមហាផ្ទៃ ស្នើអោយមានការស៊ើបអង្កេត និងឈានដល់ការសម្រេចផ្អាកការងារជាបណ្តោះអាសន្នតែម្តង ៕
ដោយគីរីដងរែក